ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃថា ពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់ ចូលរស់នៅលើទឹកដីថៃ
ថ្ងៃទី ៖ 30-09-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានបដិសេធចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលអះអាងថា ប្រជាពលរដ្ឋខ្មែរនៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ បានចូលទៅរស់នៅលើទឹកដីថៃ។

ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីតំណាងថៃប្រចាំអង្គការសហប្រជាជាតិ បានអះអាងថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ បានចូលរស់នៅលើទឹកដីថៃ។

ចំពោះការអះអាងនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាបដិសេធ និងទាត់ចោលការអះអាងរបស់តំណាងថៃ ព្រមទាំងមិនយល់ស្របនឹងការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅកាន់វេទិកាអន្តរជាតិ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ការអះអាងម្តងហើយម្តងទៀតរបស់ភាគីថៃ មិនអាចប្រែក្លាយការអះអាងឯកតោភាគីឱ្យក្លាយជាការពិតផ្លូវច្បាប់បានឡើយ។

លោកបន្តថា ខ្សែព្រំដែនអន្តរជាតិ មិនត្រូវបានកំណត់ដោយសេចក្តីថ្លែងការណ៍ ផែនទីឯកតោភាគី វត្តមានកងកម្លាំង ការដាក់ទូកុងតឺន័រ លួសបន្លា ឬស្ថានភាពដែលបង្កើតឡើងនៅលើដីនោះទេ។

លោក បន្តថា ឯកសារផ្លូវការរបស់ក្រសួងការបរទេសថៃ ក៏បានបង្ហាញថា ព្រំដែនកម្ពុជា-ថៃ មានមូលដ្ឋានលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ។

ចំណែក MOU ឆ្នាំ២០០០ កំណត់ឱ្យការវាស់វែង និងខណ្ឌសីមាព្រំដែន ត្រូវធ្វើរួមគ្នាតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើភាគីថៃជឿជាក់ថា តំបន់ដែលខ្លួនកំពុងអះអាង គឺជាទឹកដីរបស់ខ្លួន សូមយកផែនទី កូអរដោនេ និងឯកសារគតិយុត្ត មកផ្ទៀងផ្ទាត់ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួចហើយ។

លោកគូសបញ្ជាក់ថា ការប្រើកងកម្លាំង ការដាក់លួសបន្លា ទូកុងតឺន័រ ការជីកលេណដ្ឋាន ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី មិនអាចបង្កើតខ្សែព្រំដែន ឬសិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ។ ពាក់ព័ន្ធនឹងការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅវេទិកាអន្តរជាតិ លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចស្ងៀមស្ងាត់ ខណៈបញ្ហាដែលកម្ពុជាចាត់ទុកថា ប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។

លោកបន្តថា កម្ពុជានឹងបន្តលើកបញ្ហានេះតាមមធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលលើកទឹកចិត្តឱ្យរដ្ឋដោះស្រាយវិវាទដោយសន្តិវិធី និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។

លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើតាមការអះអាងរបស់កម្ពុជា យោធាថៃនៅតែមានសកម្មភាពដែលកម្ពុជាចាត់ទុកថា រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជារារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅលំនៅឋាន ឬបង្កើតស្ថានភាពថ្មីនៅលើដី កម្ពុជានឹងបន្តប្រើប្រាស់យន្តការសន្តិវិធី ទាំងទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីបង្ហាញភស្តុតាង និងលើកបញ្ហានេះទៅកាន់ស្ថាប័នពាក់ព័ន្ធ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចរចាប្រាក់ឈ្នួលលើកទី ៤ ឆ្នាំ២០២៧ នឹងប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ដោយរង់ចាំការបោះឆ្នោតចុងក្រោយ ខណៈដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក មិនមានការឯកភាពគ្នានៅឡើយ ដោយតំណាងភាគីកម្មករនិយោជិត បានស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com