ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ការចរចាប្រាក់ឈ្នួលលើកទី ៤ ឆ្នាំ២០២៧ នឹងប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែកញ្ញា
ថ្ងៃទី ៖ 28-09-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ ការចរចាប្រាក់ឈ្នួលលើកទី ៤ ឆ្នាំ២០២៧ នឹងប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ដោយរង់ចាំការបោះឆ្នោតចុងក្រោយ ខណៈដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក មិនមានការឯកភាពគ្នានៅឡើយ ដោយតំណាងភាគីកម្មករនិយោជិត បានស្នើតួលេខ ២២៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិកដដែល ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ ដើម្បីបន្តជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នាព្រឹកទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ ជាកិច្ចប្រជុំលើកទី ៤ ដោយបានពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៤លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ៤លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ចំនួន ២លើក, កិច្ចប្រជុំទ្វេភាគីរវាង តំណាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក, ប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិត និយោជិត និងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៤លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាង ភាគីនិយោជក ចំនួន ១លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក។ ភាគីពាក់ព័ន្ធ បានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំបញ្ជាក់ជំហរចុងក្រោយរបស់ខ្លួន។

លោក ហេង សួរ បានគូសបញ្ជាក់ថា ជាស្មារតីរួម សមាជិកនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគាំទ្រដល់ការសម្រាលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត គ្រាន់តែវិធីសាស្ត្រនៃការសម្រាលបន្ទុកគឺផ្សេងៗគ្នា។ សមាជិកខ្លះនៃអង្គប្រជុំ បើទោះបីជាជាក់ស្តែង បានដឹងច្បាស់ថា ប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងប្រទេសគូរប្រជែងរបស់កម្ពុជាក៏ដោយ គឺបានស្នើវិធីសាស្រ្តកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈការស្នើសុំដំឡើងប្រាក់ឈ្នួលជាគំហុកបន្ថែមទៀត រីឯសមាជិកផ្សេងទៀត បានស្នើវិធីសាស្ត្រផ្សេងក្នុងការកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈរក្សាតួលេខដដែល ឬដំឡើងក្នុងកម្រិតសមរម្យណាមួយ ដើម្បីរក្សាភាពប្រកួតប្រជែងនៃប្រទេសរក្សាការងារដែលមានស្រាប់ និងអាចបង្កើតការងារថ្មី ជូនសមាជិកគ្រួសារម្នាក់ទៀតរបស់បងប្អូនកម្មករនិយោជិត។

លោក ហេង សួរ បានគូសបញ្ជាក់ទៀតថា ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត ដោយយោងលើមតិភាគច្រើននៃផ្ទៃក្នុងរបស់ខ្លួន បានស្នើតួលេខកំណើន ចំនួន ១៥ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥ដុល្លារអាម៉េរិក សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧។

ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិកដដែល សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ និងរក្សាប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ២,៥ដុល្លារអាម៉េរិក តាមស្មារតីដែលបានឯកភាពគ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

លោកបានបញ្ជាក់ថា ដោយគោលជំហររបស់ភាគីនីមួយៗ អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំត្រីភាគីចុងក្រោយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចរចាប្រាក់ឈ្នួលលើកទី ៤ ឆ្នាំ២០២៧ នឹងប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ដោយរង់ចាំការបោះឆ្នោតចុងក្រោយ ខណៈដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក មិនមានការឯកភាពគ្នានៅឡើយ ដោយតំណាងភាគីកម្មករនិយោជិត បានស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com