ក្រោយទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ កយ ប៊ុនថង ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ កាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបណ្ដឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៣នាក់ ១-ឈ្មោះ ខាជីវ័ន្តភេទប្រុស អាយុ១៥ឆ្នាំ, ២-ឈ្មោះ ស្រី វិបុត្រភេទប្រុស អាយុ១៦ឆ្នាំ, ៣-ឈ្មោះ ឆន ឆេន ភេទប្រុស អាយុ៤១ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ១-ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ឡើងតែមឆ្នាំ២០១៥ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1D-8729 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ), ២.កង់ ពណ៌ក្រហម លាយខ្មៅ ចំនួន០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង៣ត្រូវបានសមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះយកទៅដោះអាវចេញ និងកាច់ផ្លាកលេខម៉ូតូចោលដើម្បីបំភ័ន្តភ្នែកម្ចាស់ម៉ូតូ។ ចំពោះជនសង្ស័យឈ្មោះ ស្រី វិបុត្រ ក៏បានសារភាពថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦ រូបគេនិងបក្ខពួកមានគ្នា០៤នាក់ទៀតបានធ្វើសកម្មភាពចាប់រំលោភទៅលើស្រ្ដីម្នាក់នៅសង្កាត់អូរអំបិលផងដែរ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕