ថ្លែងក្នុងពិធីបិទវេទិកាសមភាពយេនឌ័រ លើកទី៥ ស្តីពី "កិច្ចសន្ទនាទៅកាន់ការអនុវត្តការជំរុញសមភាពយេនឌ័រ និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព ដោយគាំទ្រដល់ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC)" នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋមន្ត្រីស្តីទី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្ពុជាគ្រោងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅខែធ្នូ ឆ្នាំ២០២៩ ដែលជាសមិទ្ធផលដ៏សំខាន់នៃការអភិវឌ្ឍ។
ទន្ទឹមនឹងមោទនភាពនេះ កម្ពុជាក៏ត្រូវត្រៀមខ្លួនសម្រាប់ការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងតម្រូវការកាន់តែខ្ពស់របស់ទីផ្សារអន្តរជាតិ។ ដូច្នេះ បញ្ហាប្រឈមនៃអន្តរកាលនេះ ត្រូវប្រែក្លាយទៅជាកាលានុវត្តភាពសម្រាប់ការពង្រឹងភាពធន់ និងភាពប្រកួតប្រជែងរបស់សហគ្រាស និងការបង្កើតការងារសមរម្យ។
លោកស្រីបានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (GFT) ដែលជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា។
ការឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងទីផ្សារការងារ ក៏ដូចជាការវិនិយោគលើការបណ្តុះបណ្តាលឡើងវិញ (Reskilling) ការបង្កើនជំនាញ (Upskilling) និងជំនាញបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI) ត្រូវបានលើកឡើងថា ជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់ស្ត្រី និងជួយឱ្យពួកគេអាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការផ្លាស់ប្តូរនៃពិភពការងារ។
ជាមួយគ្នានេះ ការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ត្រូវបានលើកឡើងជាផ្នែកមួយនៃការគាំទ្រដល់កម្មករនិយោជិតស្ត្រីក្នុងវិស័យ GFT ឆ្ពោះទៅឆ្នាំ២០២៩។
លោកស្រីបានសង្កត់ធ្ងន់ថា ការធានាសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ (OSH) ការការពារសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀនដោយផ្អែកលើយេនឌ័រ (GBVH) ជាមូលដ្ឋានសម្រាប់បង្កើតកន្លែងការងារដែលមានសុវត្ថិភាព សមធម៌ និងមានផលិតភាព។ ការលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិត ជាមូលដ្ឋានចាំបាច់សម្រាប់ការកសាងសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាព ព្រមទាំងការកសាងទំនុកចិត្តពីវិនិយោគិន និងអ្នកបញ្ជាទិញអន្តរជាតិ។
ក្នុងឱកាសនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការប្តេជ្ញាចិត្តបន្ត "ប្រែក្លាយកិច្ចសន្ទនាទៅជាសកម្មភាពជាក់ស្តែង" ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤–២០២៨ ជាពិសេសការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ ការធ្វើទំនើបកម្មស្ថាប័ន ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសមភាពយេនឌ័រ។
ជាមួយគ្នានេះ លោកស្រីបានសង្កត់ធ្ងន់លើការលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិត កិច្ចគាំពារសង្គម ជំនាញ និងការធ្វើអាជីវកម្មដោយការទទួលខុសត្រូវ ដើម្បីកម្ពុជាបន្តដំណើរលើមាគ៌ាឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់៕