បើតាមលោក ទូច សុឃៈ សំណូមពរទាំង ៥ករណី មានជាអាទិ៍៖ ករណីឆបោកតាមគ្រីបតូ មានចំនួន ២ករណី ដោយ ១ករណី សំណូមពរឱ្យអគ្គស្នងការពិនិត្យអាសយដ្ឋានអ៊ីម៉ែលចំនួន ២ខ្សែ ហើយការស្រាវជ្រាវរកឃើញថា អ៊ីម៉ែលបានដំណើរការចេញពី Server ក្រុមហ៊ុន Google នៅសហរដ្ឋអាម៉េរិក និង ១ករណីទៀត អូស្ត្រាលីបានសំណូមពរឱ្យអគ្គស្នងការពិនិត្យម្ចាស់អត្តសញ្ញាណ IP Address ចំនួន ១ខ្សែ។ ដោយសារករណីនេះ ពុំមានតម្រុយស៊ើបអង្កេតបន្ត នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ក៏សំណូមពរបិទបញ្ចប់។
ដោយឡែក ២ករណីទៀត ១ករណីសំណូមពរពិនិត្យទិន្នន័យអន្តោប្រវេសន៍ជនសង្ស័យ ៦រូប ហើយការស្រាវជ្រាវរកឃើញថា ជនសង្ស័យពុំមានដំណើរចូលប្រទេសកម្ពុជានោះទេ ខណៈ ១ករណីទៀត អូស្ត្រាលីបានសំណូមពរកិច្ចសហការស្រាវជ្រាវស៊ើបអង្កេតទីតាំង ៣កន្លែង ដោយជាលទ្ធផល នគរបាលសហព័ន្ធអូស្ត្រាលីកំពុងធ្វើការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ករណីទី៥ ពាក់ព័ន្ធនឹងការជំរិតប្រាក់តាមប្រព័ន្ធអនឡាញមានចំនួន ១ករណី ហើយជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនរងគ្រោះ និងបានបញ្ជូនឱ្យវិលត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ខណៈសមត្ថកិច្ចកម្ពុជាពុំមានព័ត៌មានជនសង្ស័យឡើយ ព្រោះជនរងគ្រោះទាក់ទងជនសង្ស័យតាមប្រព័ន្ធអនឡាញ។
បើតាមលោក ទូច សុឃៈ បច្ចុប្បន្ន ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Transnational Crime Team (TCT) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏កំពុងបន្តសហការយ៉ាងស្និទ្ធស្នាលស្រាវជ្រាវជាមួយភាគីនគរបាលសហព័ន្ធអូស្ត្រាលី (AFP) លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនៅសេសសល់ពីការបង្ក្រាបបោសសម្អាតទ្រង់ទ្រាយធំយ៉ាងជោគជ័យរបស់កម្ពុជា។ លោក ទូច សុឃៈ បានបន្តថា «នគរបាលកម្ពុជាបានបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិនានាយ៉ាងល្អ ជាពិសេសនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ ក្រសួងមហាផ្ទៃនឹងបង្ហាញអំពីហេតុផលនៃការកើតឡើងបទល្មើស Online Scams ដែលមានភាពស្មុគស្មាញ លទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ហាញអំពីបទពិសោធន៍ និងឆន្ទៈនៃការបង្ក្រាបបទល្មើស Online Scams។
ជាពិសេស បង្ហាញថា ប្រទេសកម្ពុជាពុំមែនជាស្ថានសួគ៌នៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ»។ សូមបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីដើមខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានអនុវត្ត MOU ជាមួយគ្នាកាលពីឆ្នាំ២០០២។ គោលបំណងនៃ MOU គឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន អំពើភេរវកម្ម ជួញដូរ-រត់ពន្ធមនុស្ស ការរំលោភបំពានផ្លូវភេទលើកុមារ ជួញដូរគ្រឿងញៀនខុសច្បាប់ ជួញដូរអាវុធ សម្អាតប្រាក់ បទឧក្រិដ្ឋបច្ចេកវិទ្យា ការក្លែងបន្លំអត្តសញ្ញាណ ឬបទល្មើសផ្សេងៗទៀត តាមការឯកភាពរវាងភាគីចូលរួមទាំងពីរ។
បើតាមអ្នកនាំពាក្យ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានបង្កើតក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន (TCT) ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនទាំងឡាយ ជាពិសេសបទល្មើសចេញពីកម្ពុជាចូលអូស្ត្រាលី ឬពីអូស្ត្រាលីចូលកម្ពុជា និងពីប្រទេសដទៃដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរ៕