សន្និសីទនេះ នឹងមានប្រទេសជាង ២០ មកពីគ្រប់ទ្វីបលើពិភពលោក និងស្ថាប័នអន្តរជាតិធំៗចូលរួម ដែលក្នុងនោះមានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មច្បាប់មេគង្គ-ឡានឆាង។ សន្និសីទនេះ រៀបចំឡើងដើម្បីបង្ហាញពីកិច្ចការបង្ក្រាបក្រុមឧក្រិដ្ឋជន និងការចូលរួមគ្នាបង្ក្រាបបន្ថែមទៀត ក៏ដូចជាបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ គឺជាកិត្តិយសមួយសម្រាប់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងការវាយប្រហារ ទៅជាកន្លែងសម្រាប់ជជែកពិភាក្សាអំពីការបង្ក្រាបបញ្ហាសកលនេះ។
គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបទីតាំងបទល្មើស Online Scam ចំនួន ៦៦៣ ទីតាំង។ ក្នុងចំណោមនោះ បានបិទ និងគ្រប់គ្រងមណ្ឌលឆបោកចំនួន ៨៦ ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០ លានដុល្លារអាមេរិក ក្នុងគណនីធនាគារ ក៏ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។
ចំណែកក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់ មានចំនួន ៤៤៦ ករណី កំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ ដោយពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣.៩២៧ នាក់ រួមមានមេខ្លោង និងគូកនមកពី ២៩ សញ្ជាតិ។ វិធានការច្បាប់ ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញថា ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងចំនួន ៤ ទាក់ទិននឹងជនសង្ស័យចំនួន ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។
ស្របគ្នានេះ ជនបរទេសចំនួនជាង ២ ម៉ឺននាក់ មកពី ៣៨ សញ្ជាតិ ក៏ត្រូវបានបញ្ជូនឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ៕