ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Christopher Anderson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជាបានជម្រាបជូនសម្តេចធិបតីថា លោក មានសេចក្តីសោមនស្សរីករាយ ដោយបានមកបំពេញអាណត្តិបេសកកម្មការទូតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក និងកម្ពុជា នៅមានកាលានុវត្តភាពជាច្រើនទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនថែមទៀត។
នៅក្នុងអាណត្តិការទូតរបស់លោក ឯកឧត្តមឯកអគ្គរដ្ឋទូត ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្តេចធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយសហរដ្ឋអាម៉េរិកនៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់នាពេលកន្លងមក និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ និងការបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ។
សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសក្តានុពល រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។
មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យបន្តការភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕