ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ៖ ប្រជាជនកម្ពុជាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលពីបេះដូងដ៏ល្អ ការបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាស្នាមញញឹម
ថ្ងៃទី ៖ 18-11-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ថ្លែងថា ប្រជាជនកម្ពុជាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលក៏ដូចជានៅក្នុងពិភពអង្គការហ្វ្រង់កូហ្វូនីមានការភ្ញាក់ផ្អើលពីបេះដូងដ៏ល្អ ការបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាស្នាមញញឹម ដែលធ្វើឲ្យពិភពនៃ ហ្វ្រង់កូហ្វូនីមានការចាប់អារម្មណ៍។

ប្រាប់អ្នកព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម​ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា លោកជំទាវបានលើកឡើងថា អ្វីដែលលោកជំទាវចង់ជួបសម្ដេចតេជោមុននឹងលោកជំទាវត្រឡប់ទៅស្នាក់ការនៅឯទីក្រុងប៉ារីសវិញនោះ លោកស្រីចង់ជម្រាបជូនសម្ដេចតេជោថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺទទួលបានជោគជ័យ ហើយលោកជំទាវបានសរសើរមិនដាច់ពីមាត់ថាប្រជាជនកម្ពុជាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលក៏ដូចជានៅក្នុងពិភពអង្គការហ្វ្រង់កូហ្វូនីមានការភ្ញាក់ផ្អើលពីបេះដូងដ៏ល្អ ការបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលធ្វើឲ្យពិភពនៃ ហ្វ្រង់កូហ្វូនីមានការចាប់អារម្មណ៍។

លោកស្រីបានលើកឡើងថាក្នុងរយៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ព័ត៌មាន និងសកម្មភាពនៃការរៀបចំដ៏ល្អរបស់កម្ពុជា បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមដែលធ្វើឲ្យបណ្ដាប្រទេសនៃសមាជិកហ្វ្រង់កូហ្វូនីបានឃើញអំពីសកម្មភាពដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយនាំគ្នាកោតសរសើរចំពោះអ្វីដែលកម្ពុជាបានធ្វើ ជាពិសេសគឺសរសើរចំពោះប្រជាជនកម្ពុជា។ លោកជំទាវក៏បានលើកឡើងដោយសរសើរពីការរៀបចំយ៉ាងម៉ត់ចត់របស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

តែយ៉ាងណាក៏ដោយលោកជំទាវក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចប្រជុំក្នុងថ្ងៃចុងក្រោយមានភាពតានតឹងចម្រូងចម្រាស់បន្តិចទាក់ទងទៅនឹងការសម្រេចជ្រើសរើសអគ្គលេខាធិការ ប៉ុន្តែលោកស្រីបានសរសើរកម្ពុជាជាពិសេសការសរសើរចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្របសម្រួលនូវកិច្ចប្រជុំនេះឲ្យបានបញ្ចប់ទៅដោយរលូនហើយរកវិធីសម្រុះសម្រួលដោះស្រាយនៃការបញ្ចប់កិច្ចប្រជុំនេះបានយ៉ាងល្អ។ លោកស្រីបានសរសើរថាកម្ពុជារៀបចំប្រកបដោយវិជ្ជាជីវៈ និងពោរពេញដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋហើយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំនៃកិច្ចប្រជុំប្រកបដោយភាពប្រាកដនិយមនិងភាពម៉ត់ចត់យ៉ាងល្អបំផុត។

ចំណុចមួយទៀតលោកស្រីក៏បានលើកឡើងពីគម្រោងនៃកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដែល ទោះបីជាហ្វ្រង់កូហ្វូនីបានបញ្ចប់ទៅក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនងសកម្មភាពរបស់កម្ពុជាជាមួយនឹងអង្គការហ្វ្រង់កូហ្វូនីនឹងមានជាបន្តបន្ទាប់ទៀតនៅក្រោយកិច្ចប្រជុំនេះ។

សម្ដេចតេជោបានសម្ដែងការពេញចិត្តយ៉ាងខ្លាំង និងត្រេកអរដែលលោកជំទាវបានកោតសរសើរពីការរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ។ សម្ដេចតេជោបានលើកឡើងថា វាជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាដែលមានឱកាសក្នុងការបម្រើ និងការរៀបចំនូវកិច្ចប្រជុំកំពូលនេះប្រកបដោយជោគជ័យបែបនេះ ព្រោះសម្ដេចបានឃើញស្នាមញញឹម បានឃើញសកម្មភាពរបស់មេដឹកនាំទាំងឡាយ ដែលបានអញ្ជើញមកកាន់កម្ពុជា និងបានទស្សនាតាមតំបន់នានា។

ជាពិសេសគឺលោកប្រធានាធិបតីបារាំងបានធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាពេលយប់ ហើយបានធ្វើដំណើរទស្សនានៅប្រាសាទអង្គរវត្តដោយគ្មានការបារម្ភពីអ្វីទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានលើកឡើងដោយអរគុណចំពោះលោកជំទាវដែលបានសហការជាមួយនឹងកម្ពុជាក្នុងការរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះទទួលបានជោគជ័យ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី​ សម្ដែងការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com