ថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៦ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨ ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍អន្តរជាតិ ត្រូវបានចាត់ទុកជាអាទិភាពមួយនៅក្នុងយុទ្ធសាស្ត្រត្រីកោណរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថែរក្សាសុខសន្តិភាព និងបានកំណត់យកអភិក្រម «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» និង «ការទូតសេដ្ឋកិច្ច» ជាត្រីវិស័យនៃនយោបាយការបរទេសរបស់កម្ពុជា។
លោកបន្តថា ជាលទ្ធផល កម្ពុជាបច្ចុប្បន្នមានចំណងទាក់ទងជាមួយបណ្ដាប្រទេសនានានៅគ្រប់ជ្រុងជ្រោយនៃពិភពលោក និងមានសកម្មភាពការទូតយ៉ាងសកម្ម និងរស់រវើក ដូចដែលបានលើកឡើងខាងលើ ។ តាមរយៈសកម្មភាពការទូតដ៏សកម្មរស់រវើកនេះ កម្ពុជាបានផ្ញើសារដ៏សំខាន់និងដ៏ច្បាស់លាស់ទៅកាន់ពិភពលោក នោះគឺ កម្ពុជាជាប្រទេសតូចមែនតែស្រឡាញ់សន្តិភាព។
កម្ពុជាមានបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបង្កើតបានសន្តិភាពដ៏ពេញលេញនិងយូរអង្វែង ជូនប្រទេសជាតិនិងប្រជាជន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប” ។
លោក ប៉ែន បូណា គូសបញ្ជាក់ថា កម្ពុជាប្រកាន់នយោបាយការទូតច្បាស់លាស់ និងចាស់ទុំ ក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី និងមានការអត់ធ្មត់ខ្ពស់ដើម្បីបញ្ចៀសជម្លោះប្រដាប់អាវុធ ។កម្ពុជាគោរពនិងផ្ដល់តម្លៃដល់ច្បាប់អន្តរជាតិ ការសន្ទនា ពហុភាគីនិយម និងសណ្ដាប់ធ្នាប់ពិភពលោក។ កម្ពុជាត្រូវការកសាងមិត្តភាពដោយស្មើមុខមាត់គ្នាជាមួយបណ្ដាប្រទេសនានាទាំងអស់ដើម្បីផលប្រយោជន៍រួម៕