ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌
ថ្ងៃទី ៖ 14-11-2026, ដោយ​​ Dara007 , 11 Views
                     
 ភ្នំពេញៈ អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌ ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សយូរអង្វែង។

ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦, ក្នុងឱកាសដែលឯកឧត្តមអគ្គនាយកអញ្ជើញចូលរួមពិធីប្រារព្ធខួប ៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។   ក្នុងឱកាសនៃជំនួប,លោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ លើវិស័យវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ហើយលោកក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

លោកបានបន្ថែមទៀតថា បេសកកម្មរបស់អង្គការយូណេស្កូ មានភាពស្របគ្នាជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស, ការអប់រំ និងការពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ ហើយអង្គការយូណេស្កូនឹងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជាប្រយោជន៍បន្ថែមទៀត​ដល់ប្រជាជនកម្ពុជា​។​

លោកបានបញ្ជាក់ទៀតថា ផ្អែកលើជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល​កម្ពុជាកន្លងមក, អង្គការ យូណេស្កូនឹងបន្តគាំទ្រ និងផ្ដល់ជំនួយចាំបាច់នានាដល់ប្រទេសកម្ពុជាលើកិច្ចការជាច្រើនថែមទៀត ជាពិសេសលើការអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សយូរអង្វែង។

  ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណលោកអគ្គនាយកអង្គការយូណេស្កូ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមពិធីប្រារព្ធខួប ៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ក្នុងឱកាសនេះ។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់យូណេស្កូក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ដែលជាសម្បត្តិរួមរបស់មនុស្សជាតិ។

សម្ដេចធិបតីបានបន្តថា ការការពារបេតិកភណ្ឌវប្បធម៌ មិនមែនត្រឹមតែរក្សាភាពគង់វង្សនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ស្នាដៃដូនតា និងដួងព្រលឹងជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់អប់រំ និងបំផុសគំនិតដល់យុវជនជំនាន់ក្រោយឱ្យសិក្សាស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ និងប្រវត្តិសាស្ត្រ​របស់ជាតិ​ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគតប្រទេសជាតិផងដែរ។

ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាបាននូវស្ថិរភាព និងសន្តិភាព ដែលជាបុរេលក្ខខណ្ឌមិនត្រឹមតែសម្រាប់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ច​។​  ជាមួយគ្នានេះ,​ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកិច្ចការអភិរក្ស, ការថែរក្សាកំណត់ត្រាប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ដោយបានជំរុញឱ្យមានការធ្វើឌីជីថលូបនីយកម្មឯកសារប្រវត្តិសាស្ត្រ សំដៅប្រែក្លាយទៅជាចំណេះដឹងទូលំទូលាយសម្រាប់អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស។  

​មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យអង្គការយូណេស្កូបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញការលើកកម្ពស់ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលជាចលករដ៏សំខាន់មួយនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com