ក្នុងឱកាសបើកសម័យប្រជុំ លើកទី៤៨ នៃសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា កម្ពុជា បានឆ្លងកាត់ និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព ព្រមទាំងតម្លៃដ៏ធ្ងន់ធ្ងរ នៃសង្គ្រាមផងដែរ។ កាលពី៣៥ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបើកផ្លូវឆ្ពោះទៅរកការបង្រួបបង្រួមជាតិ និងការកសាងប្រទេសរបស់យើងឡើងវិញ។ ប្រវត្តិសាស្ត្ររបស់យើង បានបង្រៀនមេរៀនដ៏សំខាន់មួយថា សន្តិភាព មិនមែនជាអ្វីដែលអាចសម្រេចបាន ជាស្ថាពរនោះទេ ។
ជាមួយគ្នានេះ លោកគូសបញ្ជាក់ថា សន្តិភាព ត្រូវតែការពារ និងថែរក្សាជារៀងរាល់ថ្ងៃ តាមរយៈការសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។
លោកបន្ដថា នាពេលបច្ចុប្បន្ន ពិភពលោករបស់យើង នៅតែប្រឈមមុខនឹងវិបត្តិ និងភាពតានតឹងជាច្រើន។ ប្រជាជនជាច្រើន នៅតែរងគ្រោះដោយអំពើហិង្សា ការបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋាន និងភាពមិនប្រាកដប្រជាចំពោះអនាគត។ នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ អង្គការហ្វ្រង់កូហ្វូនីរបស់យើង ត្រូវបន្តបញ្ចេញសំឡេងគាំទ្រសន្តិភាព។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ទៀតថា ការវិនិយោគឡើងវិញ លើសន្តិភាព គឺជាការចាត់វិធានការឱ្យបានទាន់ពេលវេលា ការបង្ការវិបត្តិ ការគាំទ្រការសម្របសម្រួល និងការចូលរួមជួយសម្រួល ដល់ដំណើរការផ្សះផ្សាជាតិ៕