ថ្លែងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិក្នុងសន្និសិទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន មានប្រសាសន៍ថា សារៈសំខាន់ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី យើងត្រូវរំលឹកដល់ប្រវត្តិ នៃការបង្កើតសហគមន៍ហ្វ្រង់កូហ្វូនី គឺ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ជាបិតាស្ថាបនិកមួយព្រះអង្គ នៅក្នុងចំណោមបិតាស្ថាបនិកទាំងបួន នៃសហគមន៍ហ្វ្រង់កូហ្វូនី រួមជាមួយឥស្សរជន មកពីប្រទេសសេណេហ្គាល់ ទុយនីស៊ី និងនីហ្សេ ។ ព្រះអង្គទ្រង់មានព្រះរាជចក្ខុវិស័យវែងឆ្ងាយ នៅក្នុងការប្រើប្រាស់ភាសាបារាំង ជាមធ្យោបាយសម្រាប់ការផ្សារភ្ជាប់ប្រជាជន ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ការអភិវឌ្ឍ និងការពង្រឹងសាមគ្គីភាពអន្តរជាតិ ។
លោកបានរំលឹកបន្ថែមថា នៅឆ្នាំ១៩៧០ ទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស ត្រូវបានបង្កើតឡើងនៅទីក្រុងនីអាមេ ដែលជាមូលដ្ឋានគ្រឹះ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនីបច្ចុប្បន្ន ។ លោកបានគូសបញ្ជាក់ថា ក្រោយពីឆ្លងកាត់ប្រវត្តិសាស្ត្រដ៏លំបាក កម្ពុជា បានបន្តពង្រឹងទំនាក់ទំនងជាមួយ សហគមន៍ហ្វ្រង់កូហ្វូនី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តមរតកនៃកិច្ចសហប្រតិបត្តិការនេះ និងបានដាក់បេក្ខភាពកម្ពុជា ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទី២០ ។
បន្ថែមលើនេះ លោកបញ្ជាក់ទៀតថា កម្ពុជា ជាប្រទេសដែលពិភពលោកធ្លាប់ស្គាល់ តាមរយៈសង្គ្រាម ការបែកបាក់ និងសោកនាដកម្ម ប៉ុន្តែថ្ងៃនេះ កម្ពុជា កំពុងបង្ហាញរូបភាពមួយផ្សេងទៀត គឺប្រទេសដែលមានស្ថិរភាព មានការអភិវឌ្ឍ មានសក្តានុពល និងមានសមត្ថភាពចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការអន្តរជាតិ។
កម្ពុជា មិនត្រឹមតែជាប្រទេស ដែលបានងើបឡើងពីសង្គ្រាមនោះទេ ប៉ុន្តែជាប្រទេសដែលកំពុងប្រែក្លាយបទពិសោធប្រវត្តិសាស្ត្ររបស់ខ្លួន ទៅជាសារដ៏មានតម្លៃ សម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕