|
រាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង៥០០គ្រឿងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ថ្ងៃទី ៖ 25-09-2026, ដោយ Dara007 , 11 Views
ភ្នំពេញៈ ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់បងប្អូន អ៊ំពូមីង តាយាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្តល់គោលការណ៍ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំនូវរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន ៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយក្នុងនោះ៖ ១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។
២. រថយន្តក្រុងចំនួន ៥០០គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រឡប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៦ គោលដៅ។
ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកចំណាយផង និងធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាពផង ក្នុងឱកាសទៅជួបជុំក្រុមគ្រួសារ ធ្វេីបុណ្យតាមប្រពៃណីខ្មែរ នាឱកាសការកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ៕
|