ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក នេត្រ ភក្រ្ដា ៖ ការប្រឆាំង online scam មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោក
ថ្ងៃទី ៖ 23-09-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ លោក នេត្រ ភក្រ្ដា ថ្លែងថា ការប្រយុទ្ធប្រឆាំង online scam មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោក បន្ទាប់ពីបណ្តាញឧក្រិដ្ឋកម្មមានសមត្ថភាពផ្លាស់ប្តូររូបភាព និងវិធីសាស្ត្រប្រតិបត្តិការរបស់ខ្លួន។ នៅពេលដែលទីតាំងឆបោកខ្នាតធំត្រូវបានបង្ក្រាប ឧក្រិដ្ឋជនអាចបំបែកប្រតិបត្តិការទៅជាក្រុមតូចៗ ឬលាក់ខ្លួនក្រោមរូបភាពអាជីវកម្មផ្សេងៗ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូលការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនអាចបញ្ចប់ត្រឹមការចុះបង្ក្រាបទីតាំង ឬការចាប់ខ្លួនជនសង្ស័យមួយចំនួននោះឡើយ។

លោក នេត្រ ភក្រ្ដាគូសបញ្ជាក់ថា បទពិសោធន៍បានបង្ហាញថា បណ្តាញឧក្រិដ្ឋកម្មទាំងនេះមានខ្សែច្រវាក់ប្រទាក់ក្រឡាគ្នា ចាប់ពីការជ្រើសរើស និងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការងារ ការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ រហូតដល់ការផ្ទេរប្រាក់ខុសច្បាប់ និងការលាក់បាំងទ្រព្យសម្បត្តិដែលបានមកពីបទល្មើស។

ដូច្នេះ ការបង្ក្រាបត្រូវអនុវត្តជាប្រព័ន្ធ ចាប់ពីការត្រួតពិនិត្យ ការបិទទីតាំង ការដកហូត ឬព្យួរអាជ្ញាបណ្ណ ការស៊ើបអង្កេត ការបញ្ជូនសំណុំរឿងទៅតុលាការ ការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ រហូតដល់ការទប់ស្កាត់ការកកើតឡើងវិញ។ ជាពិសេស ការស៊ើបអង្កេតហិរញ្ញវត្ថុ គឺជាការងារដ៏សំខាន់។ ការបិទទីតាំងមួយអាចបញ្ឈប់សកម្មភាពឆបោកនៅទីតាំងនោះ ប៉ុន្តែមិនមានន័យថាមេខ្លោង ឬបណ្តាញដែលផ្តល់ហិរញ្ញប្បទានត្រូវបានបំបែកទាំងស្រុងឡើយ។ យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអនុវត្តច្បាប់ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ ដើម្បីតាមដានលំហូរប្រាក់ កំណត់អត្តសញ្ញាណអ្នកទទួលផល និងចាត់វិធានការលើទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស ស្របតាមច្បាប់ជាធរមាន។ លោកបានបញ្ជាក់ថា កម្ពុជាទទួលស្គាល់ថា ក្នុងចំណោមមនុស្សដែលត្រូវបានរកឃើញនៅតាមទីតាំងឆបោក មានទាំងជនសង្ស័យ និងមនុស្សដែលអាចជាជនរងគ្រោះនៃការជួញដូរមនុស្ស ឬការបង្ខំឱ្យប្រព្រឹត្តសកម្មភាពឆបោក។ ហេតុនេះ ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការជួយសង្គ្រោះ ការផ្តល់ការការពារ និងការសម្របសម្រួលជាមួយស្ថានទូត និងស្ថាប័នពាក់ព័ន្ធ គឺជាផ្នែកសំខាន់នៃការឆ្លើយតបរបស់អាជ្ញាធរ។

ទន្ទឹមនឹងនេះ ចំពោះបុគ្គលដែលមានការពាក់ព័ន្ធនឹងការរៀបចំ គាំទ្រ ឬផ្តល់ការការពារដល់ប្រតិបត្តិការឆបោក មិនថាជាបុគ្គលឯកជន ឬមន្ត្រីសាធារណៈ ការស៊ើបអង្កេត និងការចាត់វិធានការត្រូវផ្អែកលើភស្តុតាង និងនីតិវិធីច្បាប់។ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មត្រូវដើរទន្ទឹមនឹងការការពារសិទ្ធិជនរងគ្រោះ និងការធានាឱ្យមានការទទួលខុសត្រូវរបស់អ្នកប្រព្រឹត្តបទល្មើស។ បណ្តាញឧក្រិដ្ឋកម្មទាំងនេះអាចប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះនៅប្រទេសមួយទៀត ខណៈដែលមេខ្លោង និងលំហូរហិរញ្ញវត្ថុខុសច្បាប់អាចស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា។

សូមបញ្ជាក់ថា កម្ពុជារៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំការប្តេជ្ញាចិត្ត បទពិសោធន៍ និងសមត្ថភាពរបស់បណ្តាប្រទេស អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា ឱ្យឈានទៅរកវិធានការរួមដែលអាចអនុវត្តបានជាក់ស្តែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ បង្កើនសមត្ថភាពប្រើប្រាស់ AI ដើម្បីជាជំនួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សាធារណជន ជាពិសេសបងប្អូនក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com