ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ប្រតិភូវៀតណាមថ្លែងសរសើរលទ្ធផលជាក់ស្តែងនៃប្រតិបត្តិការបោសសម្អាតបទល្មើស Scamនៅកម្ពុជា
ថ្ងៃទី ៖ 23-09-2026, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ តំណាងប្រតិភូវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលភាគីវៀតណាមចាត់ទុកថា ជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់ ទៅជាលទ្ធផលជាក់ស្តែង។ ក្នុងឱកាសអញ្ជើញចូលរួម «វេទិកាអន្តរជាតិ ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀង វ៉ាន់ឡុង (NGUYEN VAN LONG) អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

ក្នុងជំនួបនោះ ភាគីវៀតណាមក៏បានថ្លែងអំណរគុណសមត្ថកិច្ចកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយកម្លាំងអនុវត្តច្បាប់វៀតណាម លើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ។ ភាគីវៀតណាម ចាត់ទុកទំនាក់ទំនងរវាងក្រសួងទាំងពីរថា ជាទំនាក់ទំនងជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសលើការបង្ការ និងបង្ក្រាបបទល្មើសឆ្លងដែន ជាក់ស្តែងកន្លងមក ភាគីទាំងពីរបានសហការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៤ករណី និងបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំចំនួន ៥ករណី។ តំណាងប្រតិភូវៀតណាមបានលើកឡើងនូវសំណូមពរមួយចំនួនជូន លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដើម្បីឱ្យកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានជាមួយគ្នាបន្ថែមទៀត ជាពិសេសលើការស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញាប្រព្រឹត្តបទល្មើស គេចខ្លួនឆ្លងដែនទៅវិញទៅមក។ ភាគីវៀតណាមក៏បានស្នើសុំ លោកអភិសន្តិបណ្ឌិត បន្តផ្តល់ការគាំពារប្រជាជនវៀតណាម ទាំងជនអន្តោប្រវេសន៍ ធុរជន វិនិយោគិន និងភ្ញៀវទេសចរ។

ជាការឆ្លើយតប លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូវៀតណាម ដែលបានចំណាយពេលវេលាមកចូលរួម និងផ្តល់សារៈសំខាន់ខ្ពស់ចំពោះ វេទិកាអន្តរជាតិនៃសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជារៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា។

លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរព័ត៌មានរហូតឈានទៅបង្ក្រាបបានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) តាមទីតាំងកាស៊ីណូមួយចំនួននៅខេត្តជាប់ព្រំដែន ព្រមទាំងការផ្តល់ព័ត៌មានទៅវិញទៅមកពាក់ព័ន្ធនឹងប្រជាពលរដ្ឋមានការពាក់ព័ន្ធនឹងបទល្មើសទាំងនេះ។ លោកក៏បានលើកឡើងនូវសំណូមពរ និងទស្សនទានសំខាន់ៗមួយចំនួនជូនទៅភាគីវៀតណាម ដោយបានសង្កត់ធ្ងន់លើការងារថែរក្សាសន្តិសុខ និងការពង្រឹងការអនុវត្តច្បាប់នៅតាមបណ្តាច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់ការចរាចរឆ្លងកាត់ដោយខុសច្បាប់ទាំងមនុស្ស ទំនិញ និងសម្ភារហាមឃាត់ ព្រមទាំងបានស្នើឱ្យបណ្តាខេត្ត និងអាជ្ញាធរជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែសកម្មបន្ថែមទៀត។

លោកក៏បានស្នើសុំភាគីវៀតណាមផ្តល់ការគាំទ្រដល់គម្រោងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តជាប់ព្រំដែន ដោយបានថ្លែងអំណរគុណ បន្ទាប់ពីភាគីវៀតណាម បានទទួលសំណើ និងរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច។

ជាមួយគ្នានេះលោក ក៏បានស្នើភាគីវៀតណាមបន្តគាំទ្រការបណ្តុះបណ្តាលកងកម្លាំងកម្ពុជាទាំងរយៈពេលខ្លី និងវែង ដើម្បីផ្លាស់ប្តូរបទពិសោធ និងពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងនិន្នាការកើនឡើងនៃបទល្មើសដែលមានភាពស្មុគស្មាញ ព្រមទាំងបានស្នើឱ្យភាគីវៀតណាមបន្តផ្លាស់ប្តូរព័ត៌មានសន្តិសុខជាមួយគ្នា ជាពិសេសព័ត៌មានអាចប៉ះពាល់ដល់សន្តិសុខក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។

មុននឹងបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលបានរួមចំណែកទប់ស្កាត់បទល្មើសជាច្រើនមិនឱ្យកើតមានឡើង និងឈានទៅបង្ក្រាបបានយ៉ាងជោគជ័យនូវបទល្មើសដែលបានកើតឡើង តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយន្តការសហប្រតិបត្តិការរួមគ្នា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ បង្កើនសមត្ថភាពប្រើប្រាស់ AI ដើម្បីជាជំនួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សាធារណជន ជាពិសេសបងប្អូនក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com