ពិធីចុះហត្ថលេខានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន របស់រដ្ឋាភិបាលជប៉ុន មានទឹកប្រាក់សរុប ចំនួន១៧.៧៧៦ លានយ៉េន (ប្រមាណ ១១៩ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែ កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២) ។
គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រនៅកំពង់ផែ ក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា។
ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើក កម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕