លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារជួសជុលច្រាំងកសិន្ធុនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងឃើញពីការដួលរលំ ក៏ដូចជាដើម្បីលើកតម្លៃនៃកសិន្ធុនេះឡើងវិញ ដ្បិតថាវាមានភាពទាក់ទាញមួយផ្នែកសម្រាប់ភ្ញៀវទេសចរ ដែលនិយមឈរថតផ្តិតយករូបភាពប្រាសាទអង្គរវត្តពីច្រាំងកសិន្ធុខាងក្រៅមក។ ទីតាំងនេះធ្លាប់បានជួសជុលរួចម្តងហើយនៅអំឡុងឆ្នាំ ១៩៨៦ ដល់១៩៩៣ ដោយស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា( Archaeological Survey of India) ដែលមានប្រវែងពីស្ពានហាលសរុប ១៤០ម៉ែត្រ។
ប៉ុន្តែដោយសារប្រព័ន្ធបង្ហូរទឹកបានរងនូវការខូចខាតដែលមិនអាចដោះទឹកភ្លៀងបានទាន់ពេលវេលា បណ្តាលឱ្យមានការហូរច្រោះដីចេញពីផ្នែកខាងក្រោមរចនាសម្ព័ន្ធច្រាំងកសិន្ធុ និងធ្វើឱ្យដួលរលំ នៅផ្នែកខាងចុង ប្រហែល៨ម៉ែត្រ។ អាជ្ញាធរជាតិអប្សរាបានលើកគម្រោងជួសជុលបន្តពីកន្លែងដែលដួលចំនួន២០ម៉ែត្រ ដែលការជួសជុលនេះ គោរពទៅតាមបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់បានអនុវត្ត ក្នុងគម្រោង ជួសជុលច្រាំងកសិន្ធុប៉ែកខាងក្រៅរួចហើយ។
ការជួសជុលគោរពទៅតាមបច្ចេកទេសបុរាណ ដោយរើថ្ម រៀបចំគ្រឹះ បុកបង្ហាប់ដីឥដ្ឋ រៀបថ្មបាយក្រៀម និងថ្មភក់ពីលើ។ ដោយសារកត្តាអាយុកាលធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្រោមរងការខូចខាត និងបាត់រូបរាង ស្ទើរទាំងស្រុង ដែលតម្រូវឱ្យក្រុមការងារប្រើថ្មថ្មីជំនួសច្រើន រីឯថ្មភក់នៅសេសសល់ច្រើន។
លោក អន សុភាព បានបញ្ជាក់ថា រចនាសម្ព័ន្ធច្រាំងកសិន្ធុខាងជើង ប៉ែកខាងក្នុងនេះ មានរូបរាងដូច ទៅនឹងខាងក្រៅដែរ គ្រាន់តែនៅផ្នែកខាងក្នុងមានជណ្តើរពីថ្មបាយក្រៀមតែ៦កាំ និងថ្មភក់៤កាំ ខុសពីខាងក្រៅ ដែលមានថ្មបាយក្រៀម៧កាំ និងថ្មភក់៣កាំវិញ។ លោក អន សុភាព មានសុទិដ្ឋិនិយមថា ច្រាំងកសិន្ធុខាងលើនឹងមានរូបរាងស្រស់ស្អាតឡើងវិញ ដើម្បីលើកសោភ័ណភាពប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ស្កឹមស្កៃកាន់តែទាក់ទាញបន្ថែមទៀត៕