ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបញ្ជក់ថា «បច្ចុប្បន្នគេទទួលស្គាល់សម្ដេចតេជោ ហ៊ុន សែន គឺជាមនុស្សដែលមានឥទ្ធិពលនៅក្នុងតំបន់អាស៉ី-អាគ្នេយ៍។ ឆ្លងតាមនយោបាយការបរទេស និងភាពសកម្មរបស់កម្ពុជា ដែលមិនត្រឹមតែនាំសន្ដិភាពសម្រាប់ប្រទេសរបស់ខ្លួនទេ ប៉ុន្ដែបានចូលរួមលើឆាកអន្ដរជាតិ»។
លោក បានបង្ហាញនូវហេតុផល២យ៉ាង ដែលធ្វើឲ្យអន្ដរជាតិទទួលស្គាល់ពីភាពខ្លាំងរបស់សម្ដេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជាទាំងមូល ក្នុងនោះរួមមាន៖ *ទី១៖ តួអង្គរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ ពោលជាសច្ចៈប្រវត្តិសាស្ដ្រដែលជារឿងមិនអាចប្រកែកបាន ដោយសារសម្ដេចតេជោ ហ៊ុន សែន ជាអ្នករំដោះប្រជាជនកម្ពុជា និងនាំកម្ពុជាឲ្យចាកចេញពីភ្លើងសង្គ្រាម នាំមកនូវសន្ដិភាពដូចសព្វថ្ងៃនេះ *ទី២៖ នយោបាយការទូតរបស់កម្ពុជា ដែលមានភាពសកម្មនៅលើឆាកអន្ដរជាតិ។
លោក ជា ធីរិទ្ធ, សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីនាំមកនូវសន្ដិភាពពេញលេញជូនកម្ពុជា នោថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨ បានពង្រីកខ្លួនកម្ពុជា តាមរយៈការចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ ដើម្បីជាឱកាសមួយចំនួនទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្ដរជាតិ។ លោកបន្ដថា កម្ពុជាធ្លាប់ត្រូវបានគេទម្លាក់តម្លៃក្រោមសូន្យ ចាប់ផ្ដើមងើបឡើងវិញ រហូតដល់មានមុខមាត់ ស្មើមុខ ស្មើមាត់ជាមួយបណ្ដាប្រទេសដទៃនៅលើឆាកអន្ដរជាតិ៕