រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ កម្ពុជាមិនទាន់មានជំងឺអង់ត្រាក់នៅឡើយទេ
ថ្ងៃទី ៖ 09-05-2025, ដោយ Dara007 , 48 Views
ភ្នំពេញៈ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានមានប្រសាសន៍ថា សព្វថ្ងៃកម្ពុជាមិនទាន់មានការឆ្លងជំងឺអង់ត្រាក់ ឬពិសធ្យូងទៅលើមនុស្សនិងសត្វពាហនៈនៅឡើយទេ ប៉ុន្តែទោះបីជាមិនមាន ក៏ឯកឧត្តមសាស្រ្តាចារ្យបានស្នើឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ ខណៈជំងឺនេះកំពុងផ្ទុះឡើងនៅប្រទេសថៃ។
សម្រាប់ករណីផ្ទុះនូវជំងឺអង់ត្រាក់ ឬពិសធ្យូងនេះ លោក ឈាង រ៉ា បានគូសបញ្ជាក់ថា កម្ពុជាដែលមានព្រំប្រទល់ជាប់ប្រទេសថៃមិនទាន់មានការឆ្លងជំងឺប្រភេទនេះទេ ប៉ុន្តែទោះបីជាមានមិនទាន់មាន លោកក៏បានផ្ញើសារដាស់តឿនឲ្យពលរដ្ឋកម្ពុជាចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាដោយអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងកសិកម្មជាដើម។ “ទោះបីមិនទាន់មានក៏ដោយ គឺយើងត្រូវប្រយ័ត្ននិងឆាប់ដឹង ។ ដូច្នេះទេក្រសួងកសិកម្ម ក៏មានការយកចិត្តទុកដាក់ ខាងសុខាភិបាលក៏មានការយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យការការពារសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើងបានល្អ ។ ហើយសូមបងប្អូនយើងមានភាពកក់ក្តៅចំពោះការប្រុងប្រយ័ត្នរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសារក្នុងស្ថានភាពធម្មតា ប៉ុន្តែសូមឲ្យប្រុងប្រយ័ត្ន” ។
លោកបានសង្ឃឹមថា ជំងឺអង់ត្រាក់នេះនឹងមិនមានវត្តមាននៅលើទឹកដីកម្ពុជានោះទេ ។
សូមបញ្ជាក់ថា បាក់តេរីអង់ត្រាក់ ឬហៅថា ពិសធ្យូងនេះ ត្រូវបានរកឃើញនៅប្រទេសថៃកាលពីពេលថ្មីនេះដែលកើតឡើងពីសត្វពាហនៈ ឆ្លងមកមនុស្សមានរោគសញ្ញាជាលក្ខណៈដុំៗខ្មៅៗនៅលើដងខ្លួនមនុស្ស ។ បន្ទាប់ពីមានការឆ្លងជំងឺនេះនៅប្រទេសក្បែរខាងហើយ ខាងភាគីកម្ពុជាដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធមិនបានព្រងើយកន្តើយឡើយ គឺបានចេញវិធានការណ៍ណែនាំជាបន្តបន្ទាប់អំពីជំងឺប្រទភេទថ្មីមួយនេះ ។ ក្នុងនោះក្រសួងកសិកម្ម ក៏បានហាមឃាត់ជាបណ្តោះអាសន្នក្នុងការនាំសាច់សត្វពីប្រទេសថៃផងដែរ៕
|