ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធចំនួន៣បានបង្កើតក្រុមការងារមួយនាពេលកន្លងមក ដើម្បីរួមគ្នាជាមួយវិស័យឯកជនដើម្បីធ្វើយ៉ាងណាកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្ម ភេសជ្ជៈ និងគ្រឿងស្រវឹង។ សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា “ក្រុមការងារមួយដឹកនាំដោយលោក នេត្រ ភក្ត្រា មានលោក ឈាង រ៉ា លោក ហែម វណ្ណីឌី ផ្គុំជាក្រុមអេហុកមួយដើម្បីធ្វើការជាមួយខាងផ្សាយពាណិជ្ជកម្មបូកជាមួយក្រុមហ៊ុន ផលិតភេសជ្ជៈប៉ូវកំលាំង ស្រាបៀអីហ្នឹង យើងបានធ្វើការងារច្រើន ។ ឥឡូវប្រជាពលរដ្ឋជិះលើដងផ្លូវប្រហែលឃើញផ្ទាំងប៉ាណូមានតែទឹកសុទ្ធអីទេ ប្រហែលជាបាត់ …ចាប់អារម្មណ៍ទេ វាបាត់ទៅណា ព្រោះកាលមុនទៅណាក៏ឃើញគ្រឿងស្រវឹង ។ មិនមែនចៃដន្យទេ យើងបានធ្វើការតាំងពីខែកក្កដា ឆ្នាំ២០២៤”។
សម្តេចធិបតីមានប្រសាសន៍ថា ជាមួយនឹងការខិតខំប្រឹងប្រែងកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្ម ភេសជ្ជៈ និងគ្រឿងស្រវឹងនេះ រហូតមកដល់បច្ចុប្បន្នការផ្សព្វផ្សាយនៅទូទាំងប្រទេសសល់ប្រមាណតែប្រមាណជា១៧%ប៉ុណ្ណោះ ក្នុងចំណោមផ្ទាំងផ្សព្វផ្សាយទាំង៦ពាន់ប៉ាណូ ដោយដូរមកជាការតាំងបង្ហាញទឹកសុទ្ធវិញ។ ដូច្នេះការកាត់បន្ថយការផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈនេះមិនមែនជារឿងចៃដន្យនោះទេ គឺរាជរដ្ឋាភិបាលបានគិតគូរច្រើនឆ្នាំមកហើយជាមួយក្រសួងពាក់ព័ន្ធដែលជាសេនាធិការរាជរដ្ឋាភិបាលដោយមានការចូលរួមពីវិស័យឯកជន។ ។
ជាមួយគ្នានេះដែរ សម្តេចធិបតីបានប្រកាសថា រាជរដ្ឋាភិបាលក៏បានឱ្យបញ្ចប់ទាំងស្រុងនូវការដាក់រង្វាន់លើក្រវិលកំប៉ុងទាំងស្រាបៀ និងភេសជ្ជៈដែលបានចូលជាធរមានកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦កន្លងមកនាពេលថ្មីៗនេះផងដែរ ៕