លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា រឿងប្រាក់ឈ្នួល គឺជារឿងជីវភាពរបស់កម្មករមិនមែនជាឧបករណ៍សម្រាប់យកទៅ ប្រកួតប្រជែងផ្នែកនយោបាយទេ។ គណបក្សនយោបាយដែលយកការដំឡើងប្រាក់ឈ្នួលជាអាវុធនយោបាយ ហើយលើកឡើង ជាការសន្យាថា នឹងផ្តល់ជូនប្រាក់ខែក្នុងចំនួនខ្ពស់ណាមួយនោះ គ្រាន់តែជាការសន្យាខ្យល់ប៉ុណ្ណោះ។
លោកថ្លែងថា៖«យើងមើលឃើញថាសកម្មភាពរបស់គណបក្សកម្លាំងជាតិដែលកំពុងតែធ្វើនេះ មិនមែនជួយកម្មករទេ គឺដើម្បីយកបញ្ហាប្រាក់ឈ្នួលនេះ មកកេងចំណេញបែបនយោបាយ យកកម្មករធ្វើជាឈ្នាន់នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះការលើកឡើងគ្មានទល្ហីករពិតប្រាកដ គ្មានឯកសារអំណះអំណាងចេញពីស្ថាប័នស្រាវជ្រាវឯករាជ្យ ឬក៏ស្ថាប័នអន្តរជាតិដែល មានការទទួលស្គាល់ជាទូទៅឡើយ»។
បើតាមលោក សំ សឿន ប្រសិនគណបក្សនយោបាយមួយនេះពិតជាចង់ជួយកម្មករពិតប្រាកដ គួរតែចូលរួមផ្តល់យោបល់ ដោយផ្អែកលើទិន្នន័យ និងបង្ហាញដំណោះស្រាយដែលអាចអនុវត្តបាន ជាជាងយកតួលេខប្រាក់ឈ្នួលមកប្រើប្រាស់ដើម្បីទាក់ទាញការគាំទ្រក្រុមខ្លួន។
ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា ការយកបញ្ហាប្រាក់ឈ្នួលមកនិយាយក្នុងបរិបទនយោបាយ ដើម្បីកេងចំណេញយកការគាំទ្រពីបងប្អូនកម្មករនិយោជិត មានន័យថា គណបក្សនយោបាយនោះ គ្មានចេតនាពិតប្រាកដក្នុងការជួយកម្មករនោះទេ ហើយថែមទាំងបង្ហាញយ៉ាងច្បាស់ថា គណបក្សនយោបាយនោះ មិនទាន់បានយល់ពីការងារប្រាក់ឈ្នួលនៅឡើយ។
លោកថ្លែងថា៖«ការដំឡើងប្រាក់ឈ្នួលរបស់កម្មករនិយោជិតគឺ យើងមាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានត្រីភាគី គឺកម្មករនិយោជិត និយោជក និងតំណាងរាជរដ្ឋាភិបាល ដូច្នេះ មិនគួរត្រូវបានយកទៅធ្វើឧបករណ៍ ប្រកួតប្រជែងនយោបាយឬផ្តល់ការសន្យាដែលអាចធ្វើឱ្យកម្មករមានការរំពឹងទុក ប៉ុន្តែពេលអនុវត្តជាក់ស្តែងវិញអាចបង្កបញ្ហាដល់ការងារពួកគេទៅវិញ»។
ជាមួយគ្នានេះ សហជីពធំៗនៅកម្ពុជាបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស គណបក្សនយោបាយដែលយករឿងប្រាក់ឈ្នួលជាឈ្នាន់ ដើម្បីកេងចំណេញរកអ្នកគាំទ្រ គួរចូលរួមលើកកម្ពស់ផលប្រយោជន៍កម្មករតាមរយៈគោលនយោបាយជាក់ស្តែង ដូចជា ការបង្កើនជំនាញវិជ្ជាជីវៈ ការលើកកម្ពស់ផលិតភាព ការកាត់បន្ថយចំណាយជីវភាព និងការទាក់ទាញការវិនិយោគថ្មីៗ ដើម្បីបង្កើតការងារកាន់តែច្រើននៅក្នុងប្រទេសប្រសើរជាង៕