កម្មវិធីនេះ រៀបចំឡើងដោយសហគមន៍កម្ពុជាស្ម័គ្រចិត្តអឺយចុងប៊ូ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វីរកងទ័ពកម្ពុជាដែលបានពលី និងអ្នកដែលបានចែកឋានទៅ ព្រមទាំងបង្កើតបរិយាកាសនៃការជួបជុំសាមគ្គីរវាងបងប្អូនខ្មែរនៅក្រៅប្រទេស។
វត្តមានដ៏ច្រើនកុះកររបស់បងប្អូនខ្មែរ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ក៏បានបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរ ទោះបីកំពុងរស់នៅឆ្ងាយពីស្រុកកំណើតក៏ដោយ ព្រមទាំងជួយពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។
ឆ្លៀតក្នុងឱកាសនោះ លោក សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសហគមន៍ និងបងប្អូនពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។
លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យបងប្អូនពលករខ្មែរបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព គោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌រស់នៅរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីរួមគ្នាថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាតិខ្មែរ៕