|
សម្ដេចធិបតី អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពSME
ថ្ងៃទី ៖ 04-10-2026, ដោយ Dara007 , 7 Views
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ
ចុះពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម(SME) ហៅកាត់ថា អ.ស.ម.ត ដែលនឹងត្រូវដើរតួជាច្រកចេញចូលតែមួយក្នុងការផ្ដល់សេវាសម្របសម្រួលដល់ការស្នើចុះបញ្ជី ការផ្ដល់ ឬការបន្តអាជ្ញាបណ្ណនិង/ឬលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមអង្គភាពសម្របសម្រួលនេះ។
សម្ដេចធិបតីគូសបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យមដែលត្រូវការសេវាដូចបានរៀបរាប់ខាងលើ នឹងអាចដាក់ពាក្យស្នើសុំនៅតែមួយកន្លែងប៉ុណ្ណោះ គឺនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម។ អ.ស.ម.ត នឹងដើរតួជាអ្នកសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់តាំងពីដើមដល់ចប់ ដែលវិធានការនេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
សម្ដេចធិបតីបន្ថែមថា ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យមនេះឡើង គឺជាវិធានការជាក់លាក់ថ្មីមួយ ក្នុងចំណោមវិធានការនិងការលើកទឹកចិត្តថ្មីៗមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយត្រូវដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលបំណងជំរុញបន្ថែមការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា៕
|