|
ជនជាតិថៃ ១១នាក់លួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា
ថ្ងៃទី ៖ 19-09-2026, ដោយ Dara007 , 51 Views
បន្ទាយមានជ័យៈ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិថៃ សរុបចំនួន ១១នាក់ (ស្រី០៥នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ)។
ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារ កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។
អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។
ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕
|