ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក (Toyota Tsusho Manufacturing (Cambodia) Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនបងប្អូនពីការខិតខំប្រឹងប្រែងរបស់ក្រសួងការងារក្នុងការធានាឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់សហគ្រាស រោងចក្រ រួមគ្នាដោះស្រាយរាល់បញ្ហា ចៀសវាងនូវវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់។
ទន្ទឹមនេះ លោកបានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែងដែលបងប្អូនកម្មករនិយោជិតនៅទីនេះភាគច្រើនបានបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET ដែលជាមោទនភាពសម្រាប់ក្មួយៗផ្ទាល់ និងសម្រាប់ TVET ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ ចំពោះការផ្គុំ និងដំឡើងរថយន្តដោយកូនខ្មែរព្រោះថា រថយន្ត តូយ៉ូតា ជាម៉ាកគុណភាព និងពេញនិយមប្រើប្រាស់នៅកម្ពុជា។
លោក វាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ហើយរោងចក្រនេះមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យា និងកន្លែងធ្វើការប្រកបដោយផាសុកភាព។
ក្រសួងនឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុនដើម្បីផ្តល់ឱ្យកាសទទួលបានការបណ្តុះបណ្តាល ការងារ និងប្រាក់ចំណូលកាន់តែប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យក្មួយៗបន្តឆ្លៀតពេលពីការងារចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់បន្ថែមទៀតនៅគ្រឹះស្ថាន TVET និងបានផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងរួមគ្នាថែរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាពការងារ រួមចំណែកដល់ការអភិវឌ្ឍរោងចក្រ ក៏ដូចជាសេដ្ឋកិច្ចជាតិ។
លោកឧកញ៉ា គង់ នួន ម្ចាស់រោងចក្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងចំពោះសុខុមាលភាព និងលក្ខខណ្ឌការងាររបស់បងប្អូន ព្រមទាំងជាកម្លាំងលើកទឹកចិត្តដល់រោងចក្រផងដែរក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងក្នុងការបន្តអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
រោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង បានបើកដំណើរការកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារចំនួន ១៤២នាក់ (ស្រី ២៤នាក់)។
កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET។ ទន្ទឹមនឹងការទទួលបានលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន និងមានទីកន្លែងសម្រាប់ទទួលទានអាហារ និងផ្តល់ថ្លៃបាយថ្ងៃត្រង់ចំនួន ២ពេលក្នុងមួយថ្ងៃ បងប្អូនកម្មករនិយោជិតបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ហើយបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រនេះ មានស្តង់ដាខ្ពស់ រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ៕