ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ
ថ្ងៃទី ៖ 10-09-2026, ដោយ​​ Dara007 , 5 Views
                     
ព្រះវិហារៈ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាសម្បត្តិមនុស្សជាតិទាំងមូល ដោយបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ។

សូមគូសបញ្ជាក់ផងដែរថា សំណង់ និងស្ថាបត្យកម្មសំខាន់ៗ នៃប្រាសាទព្រះវិហារ ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការខូចខាតទាំងនោះ គឺបណ្តាលមកពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់ប្រាសាទព្រះវិហារ ដោយចេតនា និងដោយមិនរើសអើង។ ជាងនេះទៅទៀត ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពទន្រ្ទានមកលើដែនអធិបតេយ្យរបស់កម្ពុជា តាមរយៈការដាក់ពង្រាយទូកុងទឺន័រ ការរាយបន្លាលួស ការជីកប្រឡាយ ការធ្វើលេណដ្ឋាន ការធ្វើផ្លូវបេតុងចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលជាទង្វើររំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ អនុលោមតាមអនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងស្របតាមអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។

ជាការពិតណាស់ ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ានផងដែរនោះ គឺទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងស្មោះត្រង់ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។

 

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com