|
ក្រុមប្រឹក្សាធម្មនុញ្ញ៖ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ស្របនឹងរដ្ឋធម្មនុញ្ញ
ថ្ងៃទី ៖ 10-09-2026, ដោយ Dara007 , 7 Views
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ស្របនឹងរដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារ “ស” វិមានរដ្ឋចំការមន លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើពីសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ហើយដែលត្រូវបានពិនិត្យនិងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ស្របនឹងរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយភាពឈ្លាសវ៉ៃនិងប៉ិនប្រសព្វ និងគិតបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងបានជម្រុញការពង្រឹងសមត្ថភាពក្នុងការអនុវត្តការងារកំណែទម្រង់វិមជ្ឈការដែលជាតម្រូវការចាំបាច់ក្នុងការចាត់ចែងសម្របសម្រួលកំណត់រៀបចំមុខតំណែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលឃុំសង្កាត់ ដើម្បីធានាឲ្យការដឹកនាំគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានស្ថេរភាព ប្រសិទ្ធភាព តម្លាភាព និងការទទួលខសុត្រូវ៕
|