ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ជាធម្មតានៅពេលមានគម្រោងដេញថ្លៃលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីមួយតែងតែធ្វើឡើងជាលក្ខណៈផ្ទៃក្នុងមិនឱ្យអ្នកសារព័ត៌មានបានដឹងឮអ្វីឡើយ ។
ប៉ុន្ដែលោកបានលើកឡើងថា នៅពេលខាងមុខ ពេលអនុវត្តគម្រោងដេញថ្លៃហើយបានលទ្ធផលនោះ ត្រូវផ្សព្វផ្សាយដើម្បីឱ្យអ្នកសារព័ត៌មានបានជ្រាបជាព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយបន្តប្រកបដោយតម្លាភាព និងភាពស្អាតស្អំ ដើម្បីជាទំនុកចិត្តទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បើគ្មានបងៗសារព័ត៌មានចុះទៅអុកឡុក ឬមួយបង្ហាញពីការពិតទេ យើងពិបាកមិនដឹងពីស្ថានភាពផ្លូវថ្នល់ ហើយជាពិសេសការធ្វើមិនគ្រប់លក្ខខណ្ឌ” ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ស សុខា បែបនេះ ស្របពេលអ្នកសារព័ត៌មានបានចូលរួមតាមដាន ក៏ដូចជាការផ្សព្វផ្សាយនូវការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តកំពង់ឆ្នាំងកន្លងមក លើករណីអំពូលភ្លើងសូឡាដែលមានតម្លៃរហូតទៅដល់ប្រមាណជា៨លានរៀល ដែលតម្លៃនេះមានភាពមិនប្រក្រតីលើគម្រោងដេញថ្លៃភ្លើងសូឡា ហើយទទួលការរិះគន់ពីសាធារណជនជាខ្លាំង ៕