|
លោក ស សុខា លើកទឹកចិត្តឱ្យកម្លាំងសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធចារកម្ម និងរបៀបរបបតាមដានមុខសញ្ញាគ្រឿងញៀន
ថ្ងៃទី ៖ 07-09-2026, ដោយ Dara007 , 23 Views
ភ្នំពេញៈ លោក ស សុខា បានលើកទឹកចិត្តឱ្យកម្លាំងសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធចារកម្ម និងរបៀបរបបតាមដានមុខសញ្ញាគ្រឿងញៀន ដើម្បីឈានទៅដល់ការបង្ក្រាបបណ្តាញជួញដូរខ្នាតធំ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យបន្តពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណៈបញ្ហាគ្រឿងញៀននៅតែជាក្តីកង្វល់ដ៏ធំមួយ មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាក្នុងតំបន់ទាំងមូលផងដែរ។
លោកបានគូសបញ្ជាក់ថា ទោះបីជាកិច្ចខិតខំប្រឹងប្រែងបង្ក្រាប និងដុតបំផ្លាញគ្រឿងញៀនមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់ជិតមួយតោនក្នុងការចាប់បានម្តងៗក្តី ក៏បទល្មើសនេះនៅតែបន្តកើតមាន និងមានលក្ខណៈស្មុគស្មាញ។
លោកបន្ថែមថា ថ្មីៗនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិភ្នំពេញ សមត្ថកិច្ចបានរកឃើញពីការប្រែប្រួល នៃមុខសញ្ញាដែលនាំសារធាតុញៀន ឬកញ្ឆាស្ងួតចេញពីកម្ពុជាទៅក្រៅប្រទេស ដោយបច្ចុប្បន្នមានជនជាតិចម្រុះជនជាតិសាសន៍ដូចជា កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ដែលនឹកស្មានមិនដល់ ថាមានជាប់ពាក់ព័ន្ធនឹងការជួញដូរនេះ៕
|