ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ននិងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង ហៅកាត់ថាហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែន រវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ចុងឆ្នាំ២០២៦នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅកាន់បណ្តាមេដឹកនាំប្រទេសជាសមាជិកនៃអង្គការអន្តរជាតិមួយនេះ កុំបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរឿងបញ្ហាព្រំដែនកម្ពុជា-ថៃឱ្យសោះ ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក ស្រីជាផ្នែកដ៏សំខាន់ក្នុងការរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់កម្ពុជា ក្នុងការ រៀបចំកិច្ចប្រជុំកំពូលហ្វ្រងក់កូហ្វូនីលើកទី២០ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦។
ជាការឆ្លើតតប លោកស្រីអគ្គលេខាធិការ បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសបានចូលរួមចំណែក យ៉ាង សកម្មនៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ លោកស្រីអគ្គលេខាធិការ បានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ តាំង ពី អតីតកាល ក៏ដូចជាដំណើរស្វែងរកសន្តិភាពសម្រាប់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេច ពេលនៅជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រទេសមានសន្តិភាពរហូតដល់បច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា បើទោះបីពេលបច្ចុប្បន្នពិភពលោក ស្ថិត នៅ ក្នុងស្ថានភាពដ៏ស្មុគស្មាញយ៉ាងណាក្តី តែសម្តេចរំពឹងថា កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅ កម្ពុជានឹងទទួលបានជោគជ័យ ដើម្បីទុកជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជាផង និងសម្រាប់អង្គការហ្វ្រង់កូហ្វូនីទាំងមូល ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា លោកស្រីអគ្គលេខាធិការនឹងគាំទ្រយ៉ាង សកម្មដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ នៅក្នុងឱកាសនៃជំនួបនេះលោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បាន សម្តែងនូវការប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ។
លោកស្រី បានបញ្ជាក់ថា ដំណើររបស់លោកស្រី និងគណៈប្រតិភូ អញ្ជើញមកកម្ពុជានាពេលនេះ ដើម្បីចូលរួមពិភាក្សាជាមួយកម្ពុជាលើការងាររៀបចំកិច្ចប្រជុំកំពូលនេះ។ សម្រាប់ក្នុងបរិបថពិភពលោកដ៏ស្មុគស្មាញនេះ លោកស្រីអគ្គលេខាធិការអង្គការអន្តរ ជាតិ ហ្វ្រង់កូហ្វូនី បានទទួលស្គាល់នូវភាពស្មុគស្មាញរបស់ពិភពលោក ដែលតម្រូវឱ្យ បណ្តា ប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះ ផងដែរ។
ឆ្នាំ២០២៦នេះ កម្ពុជា នឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិនៃក្រុមប្រទេស និយាយ ភាសាបារាំងលើកទី២០។ កិច្ចប្រជុំនេះ ដំបូងឡើយគ្រោងធ្វើនៅលើទឹកដីខេត្តសៀមរាប តែដើម្បីសម្រួលដល់ការស្នាក់នៅ និងការចូលរួមរបស់ប្រតិភូនៃបណ្តាប្រទេសនានានោះ កិច្ចប្រជុំត្រូវបានកែសម្រួលដោយធ្វើនៅរាជធានីភ្នំពេញវិញ៕