ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃជំនួបកំពូលថ្នាក់ដឹកនាំគណបក្សទាំង៣ កម្ពុជា -វៀតណាម-ឡាវ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាមានប្រសាសន៍ថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាបានរៀបចំកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ព្រមទាំង មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភា និងឥស្សរជនរបស់គណបក្សនីមួយៗ ដោយក្នុងជំនួបនោះ ប្រមុខកម្ពុជា -វៀតណាម-ឡាវ នឹងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នគណបក្ស សភា ក្រសួង/ស្ថាប័ន របស់រដ្ឋាភិបាល រណសិរ្ស និងអាជ្ញាធរមូលដ្ឋានរបស់ប្រទេសទាំងបី ជាពិសេសតំបន់ដែលមានព្រំដែនជាប់គ្នា និងបន្តបង្កើនការផ្សារភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងបី។
បន្ថែមពីនេះទៀត គឺជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ទូរគមនាគមន៍ ថាមពលអគ្គិសនី បរិវត្តកម្មឌីជីថល និងខ្សែច្រវាក់ផ្គត់ផ្គង់ ឧស្សាហកម្មកែច្នៃ និងកសិកម្ម ក្នុងស្មារតីនៃការទាញយកប្រៀបខ្លាំង ដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។
ភាគីទាំងបីបានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឱ្យប្រទេសទាំងបីសម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ។
ភាគីទាំងបីបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ និងសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយប្រសិទ្ធភាពនិងស៊ីជម្រៅ ដែលជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា ទេសចរណ៍ អប់រំ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កាន់តែរីកចម្រើន៕