វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃទំនាក់ទំនងវៀតណាម-កម្ពុជា បន្តមានការរីកចម្រើនជាវិជ្ជមាន ដោយភាគីទាំងពីរបានរក្សានូវសកម្មភាពទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងនៅតាមវេទិកាពហុភាគីនានា។ កិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស បន្តដើរតួនាទីតម្រង់ទិសសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក បានបន្តរីកចម្រើនប្រកបដោយស្ថិរភាព ទំនុកចិត្ត ហើយភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង។
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ បន្តជាសសរស្តម្ភដ៏សំខាន់ ដែលកាន់តែមានភាពជិតស្និទ្ធ និងជាក់ស្តែង។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអរិភាពណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបង្កការខូចខាតដល់សន្តិសុខរបស់ប្រទេសមួយទៀតឡើយ។
ផ្អែកលើមូលដ្ឋាននៃសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរ និងប្រជាជននៅតាមបណ្តាខេត្តជាប់ព្រំដែននៃភាគីទាំងពីរ កំពុងសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារគតិយុត្តចំនួនពីរ ដែលទទួលស្គាល់សមិទ្ធផលខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកបានប្រមាណ ៨៤% ហើយកំពុងបន្តចរចាដើម្បីដោះស្រាយ ១៦% ទៀតដែលនៅសេសសល់។ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ កំពុងក្លាយជាចំណុចលេចធ្លោ ដែលមានការរីកចម្រើនប្រកបដោយស្ថិរភាព។
ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១១,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥ កើនឡើងជាង ១១,៧% បើធៀបនឹងឆ្នាំ ២០២៤។ បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា (បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក) និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងអាស៊ាន។ ភាគីទាំងពីរកំពុងសហការគ្នាយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ប៊ីលានដុល្លារអាមេរិក នាពេលឆាប់ៗខាងមុខ។ ចំពោះការវិនិយោគ រហូតមកដល់ពេលនេះ វៀតណាមមានគម្រោងវិវិយោគចំនួន ២២៩ ដែលមានសុពលភាពនៅកម្ពុជា ជាមួយនឹងទុនចុះបញ្ជីសរុបប្រមាណ ២,៩៤ ប៊ីលានដុល្លារអាមេរិក ដែលឈរនៅលំដាប់ទីពីរក្នុងចំណោម ៨៥ ប្រទេសដែលវៀតណាមវិនិយោគនៅបរទេស (បន្ទាប់ពីប្រទេសឡាវ) និងស្ថិតក្នុងចំណោមប្រទេសទាំង ៥ ដែលមានការវិនិយោគផ្ទាល់ធំបំផុតនៅកម្ពុជា (បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន)។
ក្នុងឆ្នាំ ២០២៥ ភ្ញៀវទេសចរវៀតណាមប្រមាណ ១,២ លាននាក់ បានមកទស្សនាកម្ពុជា (ឈរនៅលំដាប់ថ្នាក់លេខ ១ នៃបញ្ជីប្រទេសដែលមានភ្ញៀវទេសចរមកទស្សនាកម្ពុជា) និងបានទទួលភ្ញៀវទេសចរកម្ពុជាជាង ៦ សែននាក់ ដែលបានទៅទស្សនាប្រទេសវៀតណាម។ វិស័យកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមមាន៖ ការអប់រំ-បណ្តុះបណ្តាល, ដឹកជញ្ជូន, វប្បធម៌, សុខាភិបាល និងទូរគមនាគមន៍... ក៏ត្រូវបានយកចិត្តទុកដាក់ជំរុញយ៉ាងសកម្មផងដែរ។ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គការមហាជន និងអង្គការប្រជាជន ត្រូវបានរក្សាយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងមានការច្នៃប្រឌិតថ្មីៗលើរូបភាពនៃកិច្ចសហប្រតិបត្តិការ។
ប្រទេសទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធនៅតាមវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ព្រមទាំងយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គជាដើម... ដែលការណ៍នេះបានរួមចំណែកលើកកម្ពស់កិត្តិនាម និងតួនាទីរបស់ប្រទេសនីមួយៗនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោកអគ្គលេខាធិការ តូ ឡាំ បន្ទាប់ពីកាត់ត្រូវបានបន្តបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការ នៅក្នុងមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនីស្តវៀតណាម។ ការណ៍នេះ បានបង្ហាញពីការផ្តល់សារៈសំខាន់របស់បក្ស រដ្ឋវៀតណាម ក៏ដូចជាផ្ទាល់ខ្លួនរបស់ឯកឧត្តមអគ្គលេខាធិការ តូ ឡាំ ចំពោះទំនាក់ទំនងដ៏ស្អិតរមួតរវាងវៀតណាម និងកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងឱ្យកាន់តែរីកចម្រើន ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងផ្សារភ្ជាប់កាន់តែជិតស្និទ្ធទៅនឹងតម្រូវការអភិវឌ្ឍន៍ និងផលប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងរបស់ប្រទេសនីមួយៗ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក អគ្គលេខាធិការ តូ ឡាំ នឹងធ្វើជាសហប្រធាននៃជំនួបកម្រិតខ្ពស់រវាងការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមគណបក្សប្រជាជនកម្ពុជា (CPP) ព្រមទាំងធ្វើជាសហប្រធាននៃជំនួបរវាងប្រមុខបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ នៅកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕