ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃជំនួបកំពូលថ្នាក់ដឹកនាំគណបក្សទាំង៣ កម្ពុជា -វៀតណាម-ឡាវ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាមានប្រសាសន៍ថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាបានរៀបចំកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ព្រមទាំង មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភា និងឥស្សរជនរបស់គណបក្សនីមួយៗ ដោយក្នុងជំនួបនោះ ប្រមុខកម្ពុជា -វៀតណាម-ឡាវ បានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹង សកម្មភាពប្រឆាំងរបស់ពួកអមិត្ត ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្ស ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដូចជា ជំងឺឆ្លង ការប្រែប្រួល អាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ នៅតំបន់ព្រំដែន។
ភាគីទាំងបី ការប្រយុទ្ធប្រឆាំង បទល្មើសឆបោកអនឡាញនេះ គឺដើម្បីកម្ទេសចោលបណ្ដាញនេះ កុំឱ្យមានការចោទប្រកាន់គ្នាដោយអយុត្ដិធម៌។
ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់ផលប្រយោជន៍ គណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងបី កិច្ចប្រជុំក៏បានចូលរួមចំណែកដល់ ការកសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។
ភាគីទាំងបីបានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឱ្យប្រទេសទាំងបីសម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ៕