លោក ឮ ចាន់ណូរ៉ា បុរាណវិទូ និងជាមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទអូរថ្មដាប់មានគម្រោងជួសជុលរយៈពេល៤ខែ ដោយក្រុមផ្នែកអភិរក្ស បានជួសជុលនៅផ្នែកខាងកើតដែលមានស្នាមប្រេះចាប់ពីហោជាងខាងក្រោមដល់កំពូលខាងលើ និងដំឡើងខ្លោងទ្វារថ្មភក់ ផ្តែរ សសរពេជ្រ រួមនឹងពង្រឹងស្នាមប្រេះនៅផ្នែកខាងលិច។ល។ ក្រៅពីជួសជុលនេះ ក្រុមការងារក៏បានសម្អាតរុក្ខជាតិដែលនៅផ្នែកកំពូលឱ្យបានស្អាតផងដែរ។ ប្រាសាទអូរថ្មដាប់នៅមានរូបរាងពេញល្អ និងមានក្បាច់លម្អក្រឡោតខ្ពស់នៅតាមជ្រុងនីមួយៗ ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន។
លោក ឮ ចាន់ណូរ៉ា បានបន្ថែមថា ក្នុងគម្រោងជួសជុលនេះ ក្រុមការងារបានដំឡើងខ្លោងទ្វារឡើងវិញ ដែលជាការបន្ថែមសោភ័ណភាពប្រាសាទ និងទាក់ទាញដល់អ្នកទេសចរចូលទៅទស្សនាឱ្យកាន់តែច្រើន។ ជាប្រាសាទមួយក្នុងចំណោមប្រាសាទឥដ្ឋតិចតួចនៅលើភ្នំគូលែន ដែលបន្សល់នូវរូបរាងពេញលេញ ក្រៅពីនោះ គឺនៅសល់ស្នាកស្នាមបន្តិចបន្តួច ដូចជាគ្រឹះ ឬគំនរឥដ្ឋប៉ុណ្ណោះ។
កន្លងមកប្រាសាទអូរថ្មដាប់ដែលមានអាយុកាលជាង ១២០០ឆ្នាំ មិនធ្លាប់មានការជួសជុលឡើយ គ្រាន់តែធ្លាប់មានការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការថែទាំទល់ទ្រសម្អាតជាប្រចាំប៉ុណ្ណោះ។ មុនពេលជួសជុល ប្រាសាទនេះមានការប្រេះហែកផ្នែកខាងកើតពីក្រោមដល់លើ និងស្រុតថ្មជាដើម។ល។ ដ្បិតថានៅឆ្ងាយពីតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែកន្លងមកថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ និងជំរុញឱ្យក្រុមការងាររៀបចំគម្រោងជួសជុលប្រាសាទនៅតំបន់ភ្នំគូលែន ជាហូរហែ។ លោក ឮ ចាន់ណូរ៉ា អះអាងថា ការងារនេះដើម្បីអភិរក្សប្រាសាទបុរាណផង និងលើកស្ទួយវិស័យទេសចរណ៍នៅតំបន់ភ្នំគូលែនផង៕