សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកថវិកា ២០លានរៀល ដល់គ្រួសារសពស្ត្រីមានផ្ទៃពោះ៧ខែ ដែលមានស្វាមីជាយោធាប្រចាំការនៅតំបន់មុំបី…!!
ថ្ងៃទី ៖ 01-06-2025, ដោយ Dara007 , 57 Views
ព្រៃវែងៈ បន្ទាប់ពីទទួលព័ត៌មានដ៏តក់ស្លុតភ្លាមៗ ថាមានគ្រួសារនាយទាហានដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំបី បាត់បង់ប្រពន្ធនិងកូនក្នុងផ្ទៃ នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងនាំយកថវិកាចំនួន២០លានរៀល(ម្ភៃលានរៀល) និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកស្រី អាំ រត្ត នាង ដែលបានទទួលមរណភាពទាំងម្តាយនិងកូនក្នុងផ្ទៃ៧ខែ ដោយសាររោគាពាធ ក្នុងជន្មាយុ ៣៨ ឆ្នាំ នៅភូមិ កន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
សូមបញ្ជាក់៖ លោកស្រី អាំ រត្តនាង ជាភរិយារបស់លោកអនុសេនីយ៍ត្រី គឹម សារិ អាយុ៤២ឆ្នាំ ជាកងទ័ពប្រចាំការនៅសមរភូមិមុខតំបន់មុំបី ខេត្តព្រះវិហារ ហើយបច្ចុប្បន្ននេះ មានកូនក្នុងបន្ទុកចំនួន ០៣នាក់ ក្នុងនោះ ប្រុស២នាក់ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ៕
ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត និងក្តីសោកស្តាយ ស្រណោះ អាឡោះអាល័យជាពន់ពេក ចំពោះមរណភាព លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃទើបតែអាយុ៧ខែ ហើយការលាចាករបស់លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃ គឺជាការបាត់បង់ឧត្តមភរិយា និងកូនជាទីស្រឡាញ់ពេញបេះដូង និងជាការបាត់បង់ម្តាយមួយរូបប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចរិយាធម៌ល្អប្រពៃ មានទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាចំពោះកូនៗ គោរពប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់។ មួយវិញទៀតការលាចាករបស់លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃ ខណៈពេលដែលស្វាមីរបស់លោកស្រីកំពុងតែប្រចាំការនៅទិសសមរភូមិមុខតំបន់មុំបី ខេត្តព្រះវិហារ ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពាន ដែលលោកមកមិនទាន់ដង្ហើមចុងក្រោយប្រពន្ធ និងកូនជាទីស្រឡាញ់។
កាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
|