|
លោក នេត្រ ភក្រ្ដា បង្ហាញមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ
ថ្ងៃទី ៖ 16-09-2026, ដោយ Dara007 , 41 Views
ភ្នំពេញៈ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន មានប្រសាសន៍ថា បានបង្ហាញមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាងគណៈកម្មការផ្សះផ្សា និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី នៅថ្ងៃនេះ។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ លោក នេត្រ ភក្រ្ដា មានមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដែលបានចូលរួមក្នុងដំណើរការនេះ ដើម្បីបង្ហាញជំហររបស់កម្ពុជាតាមរយៈច្បាប់ ការទូត ការសន្ទនា និងមធ្យោបាយសន្តិវិធី។ ការចូលរួមក្នុងយន្តការផ្សះផ្សាមិនមែនជាការបង្កើនភាពតានតឹងទេ ប៉ុន្តែជាការប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធីដែលមានចែងក្នុង UNCLOS។
លោក នេត្រ ភក្រ្ដា គូសបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ មិនមែនត្រឹមតែការចូលរួមក្នុងកិច្ចប្រជុំមួយនោះទេ ប៉ុន្តែជាការបង្ហាញថា កម្ពុជាជ្រើសរើសច្បាប់ជំនួសការប្រឈមមុខ និងជ្រើសរើសការទូតជំនួសការបង្កើនភាពតានតឹង។ នេះក៏ស្របនឹងជំហរដែលកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចក្នុងការស្វែងរកដំណោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ ការបង្ហាញឆន្ទៈសុចរិត ឬ Good Faith របស់ភាគីពាក់ព័ន្ធ គួរត្រូវបានវាស់វែងតាមរយៈសកម្មភាពជាក់ស្តែង៖ ការចូលរួមក្នុងដំណើរការដោយស្ថាបនា ការអនុវត្តកិច្ចព្រមព្រៀង និងវឌ្ឍនភាពដែលអាចវាស់វែងបានឆ្ពោះទៅរកដំណោះស្រាយ។ កិច្ចប្រជុំលើកដំបូងបានបញ្ចប់ ប៉ុន្តែដំណើរការផ្សះផ្សាទើបតែចាប់ផ្តើម។ អ្វីដែលសំខាន់បន្ទាប់គឺការបន្តរក្សាភាពម៉ឺងម៉ាត់ អត់ធ្មត់ និងប្រើប្រាស់ច្បាប់អន្តរជាតិ និងការទូត ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដែលមានសន្តិភាព និងយូរអង្វែងសម្រាប់ប្រទេសជិតខាងទាំងពីរ៕
|