ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងខេត្តស្ទឹងត្រែង នៅព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងខិតខំពន្លឿនការអភិវឌ្ឍភូមិភាគឦសាន តាមរយៈការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្តបន្ទាប់ ទាំងរូបវន្ត និងមិនមែនរូបវន្ត, ការអភិវឌ្ឍពាណិជ្ជកម្មឆ្លងដែន និងប្រព័ន្ធឡូជីស្ទិក, ការលើកកម្ពស់ទេសចរណ៍ធម្មជាតិ, វប្បធម៌ និងសហគមន៍, ការលើកស្ទួយសេដ្ឋកិច្ចបៃតង និងការទាក់ទាញវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម, ទេសចរណ៍, ចិញ្ចឹមសត្វ និងសេវាគាំទ្រផលិតកម្ម។ សម្តេចធិបតី ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៤ នៅភូមិភាគឦសាន ត្រូវបង្កើនកិច្ចសហការជិតស្និទ្ធដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីអនុវត្ត «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ប្រកបដោយ ប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព។
សម្តេចធិបតី គូសបញ្ជាក់ថា ការងារនេះ ត្រូវផ្តោតលើ (១) ការទប់ស្កាត់ការទន្ទ្រាន និង (២) ការធ្វើបច្ចុប្បន្នភាព និងបញ្ចៀសដីអសកម្មដើម្បីបង្វែរទៅក្រុមហ៊ុនដែល មានទុន និងឆន្ទៈពិតប្រាកដ សំដៅដោះស្រាយបញ្ហា «មានដីអត់ទុន មានទុនអត់ដី»។ ជាមួយគ្នានេះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការចុះតាមដានទីតាំងវិនិយោគឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនបង្កការរំខានដល់អាជីវកម្ម និងត្រូវបន្តសម្រួលនីតិវិធីរដ្ឋបាលពាក់ព័ន្ធ ។
ទន្ទឹមនេះ ត្រូវផ្ដល់ការគាំទ្រដល់ SME តាមរយៈការជំរុញការផលិត-កែច្នៃក្នុងស្រុក, ការប្រើប្រាស់កម្លាំងពលកម្មខ្មែរឱ្យបានអតិបរមា, ការកាត់បន្ថយចំណាយ និងនីតិវិធី សេវារដ្ឋបាលដើម្បីសម្រួលថ្លៃដើម ចៀសវាងករណី «អស់ទុន មុនចាប់ផ្តើម» ព្រមទាំងផ្តល់ ហិរញ្ញប្បទានមានអត្រាការប្រាក់សមរម្យដល់ SME ក្នុងវិស័យអាទិភាព។
«បើគេមកកុំឱ្យ គេពិបាក បើថាដល់ខេត្ដស្ទឹងត្រែងកុំឱ្យព្រួយរឿងនឹង ខេត្ដត្រូវមានក្រុមការងារចាំទទួលជួយទទួលបានដូចភ្ញៀវពិសេស ឯកសារត្រូវចាត់ចែងលឿន រហ័ស មានអាជ្ញាបណ្ណ ដីធ្លីអត់មានបញ្ហា និងធ្វើប្រតិបត្ដិការអត់ឈឺក្បាល។»
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាន ទទួលបានសំណើការវិនិយោគ ចំនួន ៧២គម្រោង ក្នុងនោះ ៥៧គម្រោង បានពិនិត្យ និងបន្តនីតិវិធី។ ៧២គម្រោង មានទុនវិនិយោគសរុបប្រមាណ ២.៧ពាន់លានដុល្លារ និងបង្កើតការងារជាង ៨ម៉ឺននាក់៕