លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើសុំគោលការណ៍អនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ក្នុងឆមាសទី១ ឆ្នាំ២០២៦ បានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១,២៧៩លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៧៧៣នាក់ និងរបួសចំនួន ១,៩៤៤នាក់។
យោងតាមលិខិតគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ និងចុះហត្ថលេខាដោយលោក ស សុខា បានឱ្យដឹងថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាអ្នកស្លាប់ អ្នករងរបួស និងការខូចខាតទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកជំរុញការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគោរពស្នើសុំគោលការណ៍អនុញ្ញាតអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ បន្ទាប់ពីបានផ្អាកការអនុវត្ត ដោយសារស្ថានការណ៍តានតឹងតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។
ជាមួយគ្នានេះ ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងផ្តោតលើភូមិសាស្ត្រដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ដោយផ្តោតលើអំពើល្មើសសំខាន់ៗ ដូចជា ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសិទ្ធិអាទិភាព និងភ្លើងស្តុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោង៕