ការដាក់បញ្ជារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់ ក្នុងការស្វែងរក និងហៅក្រុមផលិតមាតិកាវីដេអូ ដែលគេស្គាល់ថាជា «ក្រុមគ្រូតឿ» មកធ្វើកិច្ចសន្យាណែនាំ និងអប់រំ បន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូ «ពាក់អាវពេទ្យ និងរុញគ្រែពេទ្យ» ដែលមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺអេដស៍។
លោក បានគូសបញ្ជាក់ថា ការសម្តែងគឺចង់បានអ្នកមើលច្រើន ក៏ប៉ុន្តែ សីលធម៌នៃការសម្តែងបានបង្កការប៉ះពាល់ និងរើសអើងអ្នកផ្ទុកជំងឺអេដស៍ និងអ្នកជំងឺអេដស៍ ដូច្នេះ ត្រូវតែហៅមកអប់រំ ណែនាំឱ្យគោរពនូវក្រមសីលធម៌ជាចាំបាច់។
ក្រសួងព័ត៌មានប្តេជ្ញារក្សាសុវត្ថិភាពវប្បធម៌ និងសីលធម៌សង្គមតាមរយៈការគ្រប់គ្រងមាតិកាឌីជីថលប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យចាត់វិធានការដូចគ្នា ទៅលើក្រុមអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដែលចូលចិត្តស្លៀកពាក់លេចលើខ្វះក្រោម បញ្ចេញសាច់ដើមទ្រូងធំៗដើម្បីទាក់ទាញការចាប់អារម្មណ៍ ដោយត្រូវហៅបុគ្គលទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សីលធម៌សង្គមផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកគូសបញ្ជាក់ថា ការហៅធ្វើកិច្ចសន្យាណែនាំ និងអប់រំនេះ ក្នុងគោលបំណងពង្រឹងតម្លៃសីលធម៌សង្គម វប្បធម៌ និងការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ក៏ដូចជាទប់ស្កាត់ការផ្សព្វផ្សាយមាតិកាអនឡាញទាំងឡាយណាដែលខ្វះការទទួលខុសត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិឱ្យកាន់មានប្រសិទ្ធភាព៕