លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដានេះថា ការផ្តល់ឱកាសជូនសិស្សវិទ្យាល័យមកទស្សនកិច្ចផ្ទាល់នៅសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នេះគឺដើម្បីឱ្យសិស្សបានឃើញទាំងការសិក្សា ការអនុវត្តជាក់ស្តែង ឧបករណ៍ទំនើបៗ និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យពួកគេមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សាដែលសមស្របនឹងខ្លួនឯង។
លោកថ្លែងថា៖«ទី១គឺជាការផ្តល់ជម្រើសជូនពួកគាត់បន្ថែមទៀត ទី២ គឺឱ្យសិស្សគាត់ដឹងពីសក្តានុពលរបស់ពួកគាត់ ហើយក៏ជាការបង្ហាញ ពួកគាត់ពី សក្តានុពលរបស់ប្រទេសជាតិដែលជាតម្រូវការរបស់សង្គមជាតិរបស់យើងដែរ» ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ នៅទូទាំងប្រទេស សូមអញ្ជើញទៅទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលបច្ចេកទេសជំនាញបច្ចេកទេស ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងយល់ពីសក្តានុពលខ្លួនឯង ស្វែងយល់ពីការបណ្តុះបណ្តាល ក៏ដូចជាស្វែងយល់ពីសក្តានុពលរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ កំពង់ក្តី និងវិទ្យាល័យ វ៉ារិន ជាង២០០នាក់ បានចុះ ទស្សនកិច្ចសិក្សាមកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ NPIA ដោយបានមកសិក្សាស្វែងយល់ពីជំនាញបច្ចេកទេសដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល ព្រមទាំងដើរទស្សនាតាមថ្នាក់រៀន រោងជាង គ្រឿងឧបករណ៍បរិក្ខារដែលបម្រើដល់ការរៀន និងបង្រៀនផងដែរ៕