ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ និងជាប្រធានសន្និសីទពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងការអបអរសាទរចំពោះប្រទេសឡាវ ដែលបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំសន្និសីទពិនិត្យឡើងវិញលើកទី៣ ព្រមទាំងបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឡាវ ក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌អន្តរជាតិ។
ក្នុងឱកាសនេះ លោក លី ធុជ បានពាំនាំការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងពីសំណាក់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះ លោក Thongsavan Phomvihane ផងដែរ។
លោកបានគូសបញ្ជាក់ពី មិត្តភាពជាប្រពៃណី និងទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា–ឡាវ ព្រមទាំងកោតសរសើរចំពោះភាពរីកចម្រើន និងភាពធន់របស់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគ្រាប់បែកចង្កោម។
លោកបានចែករំលែកថា ក្នុងរយៈពេលជាង៣ទសវត្សរ៍ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង ៣,៥០០ គីឡូម៉ែត្រការ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារជីវិតប្រជាពលរដ្ឋ បើកដីសម្រាប់ការអភិវឌ្ឍ និងបង្កើតសហគមន៍ប្រកបដោយសុវត្ថិភាព។
ទោះបីកម្ពុជា មិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងមានឋានៈជារដ្ឋអង្កេតការណ៍ ក៏ដោយ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលដៅមនុស្សធម៌របស់អនុសញ្ញា និងបានបោសសម្អាតគ្រាប់បែកចង្កោមជាច្រើន។
បច្ចុប្បន្ន កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមប្រមាណ ជាង ៦០០ គីឡូម៉ែត្រការ៉េ ដែលត្រូវបន្តដោះស្រាយ។ ជាមួយគ្នានេះ កម្ពុជាកំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី ពីជម្លោះព្រំដែនកម្ពុជា–ថៃក្នុងឆ្នាំ២០២៥ ខណៈយុទ្ធភណ្ឌគ្រឿងផ្ទុះបានបង្កផលប៉ះពាល់លើផ្ទៃដីជិត ៤,០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣,០០០ គីឡូម៉ែត្រការ៉េ ត្រូវបានវាយតម្លៃថារងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។ ស្ថានភាពថ្មីនេះ បន្ថែមបន្ទុកលើកិច្ចខិតខំរបស់កម្ពុជា ក្នុងការបន្តដោះស្រាយមរតកសង្គ្រាម ដោយតម្រូវឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិបន្ថែមទៀត។
ក្នុងជំនួបនេះ លោក Thongsavan Phomvihane បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានបញ្ជូនគណៈប្រតិភូចូលរួមសន្និសីទ ព្រមទាំងគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា–ឡាវ ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ាន។
លោកក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមវៀតណាម៕