យុវជន ម៉េង ដេវីត ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មមេកានិក នៅវិទ្យាស្ថាន NPIC បានថ្លែងថា រ៉ូបូតដឹកជញ្ជូនដើរដោយស្វ័យប្រវត្តិនេះ អាចប្រើប្រាស់ក្នុងការដឹកជញ្ជូនសម្ភារៈ ដឹកឯកសារ សម្ភារៈការិយាល័យក្នុងអគារ ឬក្រុមហ៊ុនធំៗ ដឹកម្ហូបអាហារ និងភេសជ្ជៈនៅក្នុងភោជនីយដ្ឋានផងដែរ។
យុវជនរូបនេះបន្តថា រ៉ូបូតដឹកជញ្ជូនដើរដោយស្វ័យប្រវត្តិនេះ ត្រូវបានបំពាក់ប្រព័ន្ធចលនាជារបៀបឌីផេរ៉ង់ស្យែល ដែលមានកង់បើកបរចំនួនពីរ និងកង់ជំនួយចំនួនពីរសម្រាប់រក្សាលំនឹង។ ឧបករណ៍នេះ ក៏បានបំពាក់កុំព្យូទ័រដែលមានខួរក្បាល Jetson Orin Nano ប្រើសម្រាប់ដំណើរការទិន្នន័យ ដើម្បីអាចបញ្ជាឱ្យធ្វើសកម្មភាពបាន។
សម្រាប់ចំណង់ចំណូលចិត្តនៃការបង្កើតឧបករណ៍នេះ យុវជន ដេវីត បានបញ្ជាក់ថា៖«ខ្ញុំមានបំណងចង់សម្រួលការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស និងភោជ្ជនីយដ្ឋាន ព្រោះរ៉ូបូតនេះ អាចដឹកជញ្ជូនសម្ភារៈទៅតម្រូវការ ហើយក៏ចង់បង្ហាញពីសមត្ថភាពកូនខ្មែរយើងក៏អាចធ្វើដូចបរទេសដែរ»។ ចំពោះមិត្តក្រុមម្នាក់ទៀតឈ្មោះ ស្មាន អាប់ឌុលឡាហ្សីក ក៏រៀនជំនាញវិស្វកម្មមេកានិក នៅវិទ្យាស្ថាន NPICដែរ បាននិយាយថា រ៉ូបូតនេះ មានសមត្ថភាពដឹកនាំជញ្ជូនសម្ភារៈដោយស្វ័យប្រវត្តិទៅដល់ទីតាំងដែលបានកំណត់នៅក្នុងប្រព័ន្ធទិន្ន័យរបស់វា។ រ៉ូបូតនេះ ត្រូវបានបំពាក់កាមេរ៉ា RealSense D455f និងសេនស័រ IMU ដើម្បីអាចចាប់ ឬផ្ដល់រូបភាពក្នុងកម្រិតគុណភាពខ្ពស់ ព្រមទាំងអាចគេចចេញវត្ថុនានាដែលនៅខាងមុខវាផងដែរ។
យុវជនរូបនេះបញ្ជាក់ថា៖«រ៉ូបូតនេះ ក៏មានបំពាក់ដោយសេបស័រប្រភេទ SL LIDAR ដែលអាចចាប់សញ្ញានៅជុំវិញខ្លួនរបស់វា ដើម្បីវាស់ចម្ងាយគោលដៅដែលវាត្រូវទៅ ស្វែងរកឧបសគ្គ គេចចេញពីឧបសគ្គ និងជួយបង្កើតប្លង់ផ្សេងៗនៅជុំវិញខ្លួនរបស់វា។ ឧបករណ៍នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន»។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ឧបករណ៍នេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន។ បន្ថែមពីនេះ ឧបករណ៍នេះអាចយកទៅប្រើប្រាស់បានទូលំទូលាយនៅតាមរោងចក្រ សហគ្រាស ស្ថាប័នសាធារណៈ ឬទីតាំងផ្សេងៗផងដែរ។
លោកបញ្ជាក់ថា៖«ស្នាដៃនេះ ជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យុវជនកម្ពុជា ក្នុងការបង្កើត និងអភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យាបរទេស។ ស្នាដៃរបស់សិស្ស NPIC មានច្រើនប្រភេទដែលបានបង្ហាញថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កំពុងរួមចំណែកបង្កើតធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការបច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា»៕