កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងអំពើឃាតកម្មគិតទុកជាមុន កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនល្មើស៤នាក់ មានជនជាតិចិន២នាក់ ក្រោយ បានប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៣០នាទី។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលការងារព្រហ្មទណ្ឌ។
យោងតាមរបាយការណ៍របស់នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ រួមមាន៖ *ទី១៖ ឈ្មោះ តាំង ស៊ីម៉េង ភេទប្រុស (ភេទទី៣) អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា *ទី២៖ ឈ្មោះ អែម គីមស្រ៊ុន ភេទប្រុស (ភេទទី៣) អាយុ៣៨ឆ្នាំ មុខរបរ បើកបររថយន្តតាក់ស៊ី ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយឡែកជនល្មើសចំនួន៤នាក់ រួមមាន៖ *ទី១៖ ឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ *ទី២៖ ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ *ទី៣៖ ឈ្មោះ WONG YENLONG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន *ទី៤៖ ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន។
ក្រោយការឃាត់ខ្លួន, ជនល្មើសទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានចាប់ជនរងគ្រោះទាំងពីរខាងលើ មកប្រគល់ឲ្យជនជាតិភូមា ៤នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងនគរបាល បានរកឃើញសាកសពជនរងគ្រោះទាំង២នាក់ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពីលើ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងស្រាវជ្រាវ រកបក្ខពួកសេសសល់ និងកសាងសំណុំរឿងតាមនិតិវិធី៕