ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ,លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមានការចូលរួមសហការពីមន្ត្រីពាក់ព័ន្ធមូលដ្ឋាន និងសម្របសម្រួលនីតិវិធីច្បាប់ពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផលនៃការចុះបង្ក្រាបនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញា និងអន្តរាគមន៍លើទីតាំងសង្ស័យចំនួន ៣កន្លែងធំៗ រួមមាន៖ ទីតាំងទី១ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ នៅទីនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ០៤នាក់ (ក្នុងនោះ ០៣នាក់គ្មានលិខិតឆ្លងដែន) រួមជាមួយទូរសព្ទដៃ ១៩គ្រឿង, កុំព្យូទ័រ All In One ០១គ្រឿង និងកុំព្យូទ័រយួរដៃ (Laptop) ០១គ្រឿង។ តាមរយៈការធ្វើកោសល្យវិច័យបឋម ទីតាំងនេះត្រូវបានសង្ស័យថាកំពុងរៀបចំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ ទីតាំងទី២ ស្ថិតនៅក្នុងបុរីវ័នត្រូពីកា ផ្លូវ១០១៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ១០នាក់ (ស្រី ០១នាក់) ដែលក្នុងនោះមានរហូតដល់ ០៧នាក់ គ្មានលិខិតឆ្លងដែន ស្នាក់នៅប្រមូលផ្តុំគ្នាដោយខុសច្បាប់ និងទីតាំងទី៣ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ R-12 (បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ទីតាំងនេះជាកន្លែងប្រមូលផ្តុំស្នាក់នៅដោយខុសច្បាប់របស់ជនជាតិចិនចំនួន ១២នាក់ ដែលទាំងអស់នោះសុទ្ធតែគ្មានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។ បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ២៦នាក់ ព្រមទាំងសម្ភារៈវត្ថុតាង ដែលដកហូតបានទាំងអស់ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០២៦បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យទាល់តែអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិលើឆាកអន្តរជាតិ៕