សារាចរ ស្តីពី ការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ បានឱ្យដឹងទៀតថា ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានទទួលរងព្យុះកំបុតត្បូងចំនួន២ចម្បងៗនោះ គឺការដាក់ឱ្យអនុវត្តពន្ធគយបដិការរបស់អាម៉េរិក និងភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ រហូតឈានដល់ការប៉ះទង្គិចប្រដាប់អាវុធចំនួន២លើក។ ជាកុសលសម្រាប់កម្ពុជា, ការអនុវត្តពន្ធគយបដិការរបស់អាម៉េរិក ពុំបានរំលេចនូវបច្ច័យអវិជ្ជមានណាមួយធំដុំលើសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នោះទេ ផ្ទុយទៅវិញបានជំរុញការនាំចេញរបស់កម្ពុជាទៅទីផ្សារអាម៉េរិក ។
ក្រៅពីនេះ ក្រោយអត្រាពន្ធគយបដិការ១៩% ដែលជាកម្រិតប្រហាក់ប្រហែលទៅនឹងបណ្តាប្រទេសក្នុងតំបន់ចូលជាធរមានចាប់តាំងពីអំឡុងខែសីហា ឆ្នាំ២០២៥កន្លងមក ក៏ពុំបានបន្ទច់បង្អាក់ដល់ការនាំចេញកម្ពុជា ទៅទីផ្សារអាម៉េរិកដែរ ពោលទាំងផលិតផលកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈទីផ្សារផ្សេងទៀត តួយ៉ាងសហភាពអឺរ៉ុប ក៏នៅតែមានស្ថានភាពល្អប្រសើរ។
បើតាមសារាចរដដែលបង្ហាញថា ការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដោយឯកតោភាគីរបស់ថៃ និងភាពតានតឹងជុំវិញបញ្ហាព្រំដែនបានបង្កជាបច្ច័យអវិជ្ជមានគួរឱ្យកត់សម្គាល់មួយចំនួនដល់សកម្មភាពសេដ្ឋកិច្ចកម្ពុជា។
ប៉ុន្ដែទោះយ៉ាងនេះក្តី, កម្ពុជាមានការលេចចេញនូវនិន្នាការថ្មីៗគួរឱ្យកត់សម្គាល់មួយចំនួនរួមមាន៖ ការងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក និងការបង្កើនសមត្ថភាព និងកម្លាំងផលិតកម្មក្នុងស្រុក , ការបង្វែរទិសដៅដឹកជញ្ជូន និងការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូន និងការធ្វើពិពិធកម្មនៃច្រវាក់តម្លៃពីទីផ្សារថៃ ពោលទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម ពិសេសទេសចរណ៍៕