ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានចូលរួមជាមួយគណៈប្រតិភូការទូតក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រាសាទព្រះវិហារ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវការខូចខាតដែលបង្កឡើងដោយជម្លោះព្រំដែននាពេលថ្មីៗនេះ។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក្នុងនាមសហភាពអឺរ៉ុបបានអំពាវនាវ ឱ្យមានការគោរពបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រវាងភាគីកម្ពុជា-ថៃ។
សូមបញ្ជាក់ថា ក្នុងសង្គ្រាមទាំងពីរលើកដែលបង្កឡើងដោយយោធាថៃបានវាយលុក និងបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកលើប្រាសាទព្រះវិហារ បង្កការខូចខាតប្រាសាទយ៉ាងធ្ងន់ធ្ងរ ។ អាជ្ញាធរជាតិព្រះវិហារបានរកឃើញការខូចខាតដល់ទៅជាង ៥៦០ កន្លែង រួមទាំងការបំផ្លិចបំផ្លាញតំបន់ជុំវិញប្រាសាទបុរាណ ។
បើតាមអាជ្ញាធរជាតិព្រះវិហារ មន្ត្រីជំនាញបានរកឃើញស្នាមប្រេះ ខួងសាច់ និងបាក់រលំចំនួន ៥៦២ទីតាំង ខណៈមន្ត្រីស៊ីម៉ាក់ក៏បានរកឃើញគ្រាប់បែកគ្រប់ប្រភេទចំនួនជាង ១ ៣០០គ្រាប់ ដែលបន្សល់ទុកដោយការបាញ់ស្រោចរបស់យោធាថៃមកលើប្រាសាទព្រះវិហារ។ ជាមួយនឹងសកម្មភាពបំផ្លិចបំផ្លាញរបស់យោធាថៃនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ទាំងចេញសេចក្តីថ្លែងការថ្កោលទោស និងធ្វើកំណត់តវ៉ាយ៉ាងខ្លាំងចំពោះទង្វើយោធាថៃ ដៅបាញ់កម្ទេចសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា។ ក្រសួងវប្បធម៌ចាត់ទុកការខូចខាតនេះថា ជាការបន្ទុចបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទ។ ដូច្នេះ យោធាថៃត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពាន និងការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ៕