ថ្លែងក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានអនុវត្តការងារចរចាបញ្ចុះពន្ធគយបដិការរវាង កម្ពុជា-សហរដ្ឋអាម៉េរិក ហើយជាផ្លែផ្កានៃការងារនេះ កម្ពុជាបានក្លាយជាប្រទេសទី១ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ទោះបីជាតុលាការកំពូលសហរដ្ឋអាម៉េរិក បាន សម្រេចលុបចោលពន្ធគយបដិការនេះក្តី, ផ្អែកតាមបុព្វសិទ្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ, ការដាក់ពន្ធគយ នានាក៏នៅតែអាចធ្វើទៅបាន ដូច្នេះកម្ពុជាសង្ឃឹមថា, នៅមានលទ្ធភាពក្នុងការចរចាជាមួយនឹងសហរដ្ឋអាម៉េរិក ធ្វើយ៉ាងណាប្រើប្រាស់ លទ្ធផល នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដែលបានសម្រេចកន្លងមក ជាមូលដ្ឋានក្នុងការកំណត់អត្រាពន្ធគយថ្មីៗ នាពេលខាង មុខ។
លោកថា បន្ទាប់តុលាការកំពូលសហរដ្ឋអាម៉េរិកលុបចោលពន្ធគយបដិការនេះ ក្រុមការងារពិសេស របស់រាជរដ្ឋាភិបាលក៏បានជួបជាមួយតំណាងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ពិភាក្សអំពីពន្ធគយបដិការនេះ ថាតើសហរដ្ឋអាម៉េរិក នៅតែបន្តគោរពកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជា ដែលបានផ្តល់ពន្ធគយបដិការនេះ ១៩% ឬយ៉ាងណា?។ លោកបន្ថែមថា ជាចម្លើយ, ជុំវិញពន្ធគយបដិការនេះ សហរដ្ឋអាម៉េរិកនឹងផ្តល់ខ្ពស់បំផុតត្រឹម ១៩% ប៉ុណ្ណោះ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាបាន និងកំពុងអនុវត្តពន្ធគយបដិការជាមួយសហរដ្ឋអាម៉េរិក ១០% ទោះបីពន្ធគយបដិការនេះត្រូវបញ្ចប់ក្នុងខែ កក្កដា ខាងមុខ, គឺមិនប៉ះ ពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ និងការស្រូបយកវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាឡើយ៕