ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងផ្ទុះឡើងបណ្តាលឱ្យប៉ះពាល់ដល់ការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ចនៃការលក់ទៅតាមតារាងដាក់តាំងបង្ហាញនៅមុខស្ថានីយ៍នីមួយៗ ។
លោកបន្តថា “ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ច ត្រូវលក់តាមតម្លៃដែលស្ថានីយនិងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈដោយយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ និងត្រូវធានាសុក្រឹតភាពនៃគុណភាពនិងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន”។
អ្នកនាំពាក្យបន្ថែមថា ម្ចាស់ស្ថានយ៍ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិ ឬស្តុកប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច១ថ្ងៃ មកកាន់មន្ទីររ៉ែនិងថាមពល , មន្ទីរពាណិជ្ជកម្ម , សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីស្តុក ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន ។
ជាមួយគ្នានេះ ក្នុងករណីអស់ស្តុក ត្រូវជូនដំណឹងជាសាធារណៈនៅថ្ងៃដែលមានស្តុកប្រេងឥន្ធនៈវិញ ។ បន្ថែមពីលើនេះទៀតលោកប៉ែន បូណា បានផ្តាំទៅម្ចាស់ស្ថានីយត្រូវធានាតម្លាភាព និងគណនេយ្យភាពនៃស្តុកប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់អ្នកពាក់ព័ន្ធ អំពីស្ថានភាពស្តុកជាក់ស្តែង ១០% មុនពេលអស់ស្តុក ។
ចំពោះស្ថានីយ និងដេប៉ូមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន ឯកឧត្តមគូសបញ្ជាក់ដែរថា ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្នរបស់ស្ថាប័នមានសមត្ថកិច្ចទើបអាចផ្អាកការលក់ចែកចាយរបស់ខ្លួនបាន ។
លោក ប៉ែន បូណា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែនិងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ចនិងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ៕