តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹកកម្ពុជាជាង ១១៥,០០០ នាក់ នៅតែមិនអាចត្រឡប់ទៅផ្ទះសំបែងវិញបាន ។ ប្រភពដដែលបញ្ជាក់ថា យោធាថៃបានឈ្លានពាន និងកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់ រួមទាំងបានកម្ទេចផ្ទះសំបែងប្រជាជនស៊ីវិល និងដាក់ពង្រាយរបាំង បន្លាលួស និងទូកុងតឺន័ររារាំងផ្លូវ ។
សកម្មភាពទាំងនេះបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ចំណុចទី១ ទី៤ និងទី៧ ដែលចែងពីការបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងការអនុញ្ញាតឱ្យពួកគេ វិលត្រឡប់ទៅរស់នៅដោយសេចក្តីថ្លៃថ្នូរ ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ទង្វើរបស់ភាគីថៃបានរំលោភលើច្បាប់អន្តរជាតិសំខាន់ៗជាច្រើនដូចជា UDHR, ICESCR, ICCPR, អនុសញ្ញាសិទ្ធិកុមារ (CRC) និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ។
ក្រុមងាយរងគ្រោះបំផុតរួមមាន ស្ត្រី កុមារ មនុស្សចាស់ និងជនមានពិការភាព កំពុងប្រឈមនឹងភាពក្រីក្រ ការបាត់បង់ ការសិក្សា និងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសំណូមពរទៅកាន់ អង្គការសហប្រជាជាតិ ៖ ស្នើឱ្យដោះស្រាយស្ថានភាពជនភៀសសឹកក្នុងប្រទេសកម្ពុជាជាបន្ទាន់ ។ អំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ឈប់សកម្មភាពរារាំងការវិលត្រឡប់របស់ប្រជាជន ។ ទាមទារឱ្យថៃ ដកកងកម្លាំងយោធាចេញពីទឹកដីកម្ពុជា ។
ដាក់បញ្ចូលករណីនេះក្នុងរបាយការណ៍ UN ថាជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិធ្ងន់ធ្ងរ ។ជំរុញឱ្យភាគីថៃសងសំណងការខូចខាតដល់ជនរងគ្រោះ និងធានាមិនឱ្យ កើតមានឡើងវិញ ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសង្កត់ធ្ងន់ថា ការយឺតយ៉ាវក្នុងការឆ្លើយតបពីសហគមន៍អន្តរជាតិ នឹងបង្កឱ្យមាននិទណ្ឌភាព (ការរួចទោស) និងធ្វើឱ្យប្រជាជន ស៊ីវិលរងគ្រោះកាន់តែអូសបន្លាយ ៕