យោងតាមសេចក្តីបំភ្លឺរបស់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា ការសម្រេចបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ធ្វើឡើងស្របតាមច្បាប់ជាធរមាន និងឆន្ទៈនយោបាយរបស់កម្ពុជា ក្នុងការអនុវត្តជំនួយផ្នែកច្បាប់ទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការយុត្តិធម៌រវាងកម្ពុជា និងចិន។
ក្រសួងបានបញ្ជាក់ថា ការដកហូតសញ្ជាតិខ្មែរពីលោក ចេន ហ្ស៊ី គឺធ្វើឡើងយ៉ាងម៉ឺងម៉ាត់តាមច្បាប់ស្តីពីសញ្ជាតិ។ ការសម្រេចនេះផ្អែកលើការរកឃើញថា បុគ្គលរូបនេះបាន «ផ្តល់ព័ត៌មានមិនពិត» ក្នុងអំឡុងពេលនៃការដាក់ពាក្យស្នើសុំសញ្ជាតូបនីយកម្ម ដែលជាការរំលោភលើមាត្រា និងបទប្បញ្ញត្តិនៃច្បាប់សញ្ជាតិឆ្នាំ២០១៨។
រាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា ការបញ្ជូនខ្លួននេះគឺជាសិទ្ធិសម្រេចដោយអធិបតេយ្យភាព ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃប្រព័ន្ធច្បាប់ជាតិ។
ក្រសួងក៏បានច្រានចោលនូវរាល់ការបកស្រាយខុសពីការពិត និងអះអាងថា ចំណាត់ការនេះធ្វើឡើងដើម្បីបង្ហាញពីតម្លាភាព និងការទទួលខុសត្រូវចំពោះមុខច្បាប់។
សេចក្តីបំភ្លឺដដែលបានបន្ថែមថា ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់បែបនេះ គឺជាសារបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕